អេត្យូពីបញ្ចេញយុទ្ធសាស្រ្តស្រូបទាញវិនិយោគិនអន្តរជាតិ ដើម្បីបង្កើនស្ទុះសេដ្ឋកិច្ចឡើងវិញ
អាឌីសអាបេបា៖ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed នាពេលថ្មីៗនេះ បានបង្ហាញសេចក្តីព្រាងផែនការមួយ ដែលនឹងអនុញ្ញាតឱ្យជនបរទេស អាចទិញអចលនទ្រព្យ និងបើកការលក់រាយដល់ក្រុមហ៊ុនអន្តរជាតិ។
បន្ទាប់ពីឡើងកាន់អំណាចក្នុងឆ្នាំ២០១៨ លោក Abiy បានប្រកាសដាក់ចេញនូវកញ្ចប់កំណែទម្រង់ប្រកបដោយមហិច្ឆិតា ដើម្បីធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅក្នុងប្រទេសអេត្យូពី ដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនខ្លាំង ហើយឆន្ទៈក្នុងការបន្តកំណែទម្រង់បានជាប់គាំង។
ទោះបីជាយ៉ាងណា លោក Abiy បានប្រាប់កិច្ចប្រជុំក្រុមនាយកប្រតិបត្តិអាជីវកម្ម ដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុនថា យើងនឹងបង្កើតច្បាប់ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យជនបរទេសទាំងឡាយ ក្លាយជាម្ចាស់កម្មសិទ្ធិលើអចលទ្រព្យនៅក្នុងប្រទេសអេត្យូពី ហើយថា ច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការធ្វើសេចក្តីព្រាង។ នាយករដ្ឋមន្ត្រីអេត្យូពីរូបនេះបន្ថែមថា រដ្ឋាភិបាលរបស់គាត់មានគោលបំណងបន្ធូរបន្ថយការរឹតបន្តឹងក្នុងវិស័យលក់រាយ និងបើកចំហដល់វិនិយោគិនអន្តរជាតិ មិនមែនត្រឹមតែជនជាតិអេត្យូពីប៉ុណ្ណោះទេ។
ការប្រកាសរបស់លោក Abiy នាពេលនេះ កើតឡើងស្របពេលដែលប្រទេសមានប្រជាជនប្រហែល ១២០លាននាក់ ច្រើនជាងគេទីពីររបស់ទ្វីបអាហ្រ្វិកមួយនេះ កំពុងស្វែងរកការពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ប្រទេសខ្លួនឡើងវិញ។ បច្ចុប្បន្ន អេត្យូពីមានបំណុលនៅក្រៅប្រទេសប្រហែល ២៨ពាន់លានដុល្លារ ហើយក៏កំពុងផុងខ្លួនជាមួយវិបត្តិអតិផរណាដ៏ខ្ពស់ និងកង្វះទុនបម្រុងរូបិយប័ណ្ណបរទេសផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា