សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្រ្តីឡាវ រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការថ្នាក់ខ្ពស់បំផុតនៅការិយាល័យរដ្ឋាភិបាល

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការថ្នាក់ខ្ពស់បំផុត ដែលប្រារព្វធ្វើឡើងនៅការិយាល័យរដ្ឋាភិបាល ក្នុងរដ្ឋធានីវៀងចន្ទន៍ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលអមដំណើរដោយផ្ទាល់ពីឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីពិធីត្រួតពលគ្រប់កងឯកភាព នៃកងទ័ពប្រទេសឡាវរួច សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអមដំណើរដោយផ្ទាល់ពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ អញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ជាមួយ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ-កម្ពុជា និងឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតប្រទេសឡាវ។

តមក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ។

មេដឹកនាំទាំង២ នឹងពិភាក្សាអំពីមធ្យោបាយនានា ក្នុងការ លើក កម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា ក៏នឹង មាន ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី២៥មីនា ដើម្បីបំពេញទស្សនកិច្ចផ្លូវ ការនៅប្រទេស ឡាវ ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់ ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងការសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំទ្វេរឡើងថែមទៀត ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner