លោកជំទាវ ម៉ែន នារីសោភ័គ ទទួលជួបប្រតិភូកាកបាទក្រហមឡាវ និងប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា-ឡាវ-វៀតណាម

(ភ្នំពេញ)៖ នៅប្រទេសឡាវ បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ អេដស៍ប្រមាណ ៣ពាន់នាក់ ដែលតាមតួលេខនេះបញ្ជាក់ថា ប្រទេសឡាវ បាននិងកំពុងកើនឡើងករណីឆ្លងថ្មី នៃមេរោគអេដស៍ក្នុងស្រទាប់យុវជន ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស ដែលបានកើនឡើង ពី១ឆ្នាំទៅ១ឆ្នាំ គួឱ្យកត់សម្គាល់។

ឆ្លើយតបករណីនេះ កាកបាទក្រហមឡាវ មានគម្រោងអប់រំអ្នកផ្ទុកមេរោគអេដស៍ ក្រុមយុវជន ក្រុមប្រឈម និងសហគមន៍ តាមរយៈការប្រើប្រាស់ថវិកាគម្រោង ដែលជាការឧបត្ថម្ភពីបណ្តាដៃគូនានា។ ប៉ុន្តែរយៈពេលថ្មីៗនេះ ដោយសារភាគីជាម្ចាស់ជំនួយបានដកខ្លួនថយធ្វើឱ្យការអនុវត្តគម្រោងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។

នេះគឺជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Soulany Chancy អនុប្រធាននាយកដ្ឋានសុខភាព នៃកាកបាទក្រហមឡាវ ខណៈជួបសវនាការជាមួយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីគ្នាទៅវិញទៅមក លើការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ ។

ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមរបស់ លោកស្រី Maki NOMURA ប្រតិភូទទួលបន្ទុកការងារសុខភាពរបស់សហព័ន្ធអន្តរជាតិប្រចាំកម្ពុជា-ឡាវ-វៀតណាម ផងដែរ ។

លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ លើការងារអេដស៍ និងសុខភាពមាតានិងទារក បាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ តាមរចនាសម្ព័ន្ធកាកបាទក្រហមកម្ពុជា និងយន្តការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ គ្របដណ្តប់ទូទាំង២៥រាជធានីខេត្ត។

ទន្ទឹមនេះ កាកបាទក្រហមកម្ពុជា មាន កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ជារៀងរាល់ខែ ដែលធ្វើការចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងព័ត៌មាននានា ដោយធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍ សុខភាពមាតា ទារក និងកុមារ សុខភាពបន្តពូជ ការថែទាំសុខភាពបឋមជាដើម។

ជាមួយគ្នានេះ ទាំងរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹង ដើម្បីទប់ស្កាត់ចំពោះជំងឺមិនឆ្លងសំខាន់ទាំង៤ រួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ដែលកំពុងតែមានការកើនឡើងផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា ប្រតិភូកាកបាទក្រហមឡាវ និងសហព័ន្ធអន្តរជាតិ មានគោលបំណងសិក្សាពីគ្នាទៅវិញទៅមក ពីការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ។ វគ្គទី២នៃគម្រោងនេះបានចាប់អនុវត្តតាំងពីពាក់កណ្តាលឆ្នាំ២០២៣ នៅក្នុងប្រទេសឡាវ និងកម្ពុជា។ សម្រាប់កម្ពុជា គម្រោងនេះ អនុវត្ត នៅខេត្តបន្ទាយមានជ័យ ចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រជាជននៅតាមសហគមន៍ តាមព្រំប្រទល់ ខេត្តប៉ៃលិន ជាពិសេសច្រកទ្វារអន្តរជាតិព្រំ និងឃុំដែលជាប់ព្រំប្រទល់ផងដែរ ហើយនៅថ្ងៃទី២៦ ខែមីនាស្អែកនេះ ប្រតិភូ នឹងអញ្ជើញទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យការអនុវត្តគម្រោងខាងលើនេះ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner