រដូវក្តៅមកដល់អភិបាលខេត្តស្វាយរៀង រំលឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នអគ្គិភ័យ

ស្វាយរៀង៖ខណៈរដូវក្តៅស្ងួតហួតហែងឈានចូលមកដល់ ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវផ្សព្វ ផ្សាយ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន បញ្ហាគ្រោះអគ្គិភ័យដែលបង្ក ឡើងដោយភ្លើងអគ្គិសនី ភ្លើងទៀន ធូប ជាដើម។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់រដ្ឋបាលខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃចន្ទឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការកោតសសើរនិងអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបាន ចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់បានល្អជូនដល់ ប្រជាពលរដ្ឋ នាពេលកន្លងមក។

ចំពោះមុខឯកឧត្តមបានរំលឹកត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អជូនប្រជាពលរដ្ឋក្នុង ឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខឆាប់ៗ។ ត្រូវបន្តខិតខំដោះស្រាយបញ្ហា ដែលកើតមានឡើងនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សា ការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជា ប្រយោជន៍ សាធារណៈ។

ពង្រឹងការអនុវត្តភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសការទប់ ស្កាត់ការ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ទប់ស្កាត់ការសាងសង់ សំណង់ ផ្សេងៗដែលរំលោភមកលើដីចំណីផ្លូវរបស់រដ្ឋ ក៏ស្ថិតនៅក្នុងការលើក ឡើងក្នុងកិច្ចប្រជុំនេះដែរ៕

ដោយ៖នុត នាង

ads banner