ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេង
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេង។ ដោយឯកឧត្តមបានបញ្ជាក់អំពីសារៈសំខាន់នៃវប្បធម៌ អរិយធម៌ និងសារៈសំខាន់នៃបទភ្លេងដែលជាការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរសម័យមុន ជាមួយនឹងសម័យបច្ចុប្បន្ន និងឆ្ពោះទៅកាន់ការថែរក្សាបាននូវអត្តសញ្ញាណនៃវប្បធម៌ខ្មែរឆ្ពោះទៅថ្ងៃអនាគត។ ការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេង នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូសមាគមអ្នកភ្លេង នៅទីស្ដីការក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
ប្រតិភូដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល គឺសុទ្ធសឹងជាសាស្ត្រាចារ្យដែលបានឆ្លងកាត់នៅការវិវត្តរបស់សង្គម និងវប្បធម៌ជាច្រើនជំនាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមផងដែរថា ការអប់រំ និងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេងពិតជាមានសារៈសំខាន់ណាស់ ហើយក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍ ជូនទៅដល់សមាគមអ្នកភ្លេង ចូលរួមជាផ្នែកណាមួយនៅក្នុងយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យសមាគមកាន់តែមានសកម្មភាពផុលផុស និងធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ តាមរយៈបទភ្លេងឱ្យកាន់តែទូលំទូលាយ។
ចំណែកឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង បានតំណាងដល់សមាគមអ្នកភ្លេងទាំងអស់ រៀបរាប់អំពីរបាយការណ៍ និងសកម្មភាព ដោយបានលើកឡើងថា សមាគមអ្នកភ្លេងត្រូវបានបង្កើតកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយឈរលើចក្ខុវិស័យ និងមានបេសកកម្មរបស់សមាគមអ្នកភ្លេងមានសូចនាករបីដែលជាក្នុងវិស័យវប្បធម៌៖ ១-ការអប់រំ បញ្ញានិងចែករំលែក ២-ការស្រាវជ្រាវ ចងក្រងសិល្បៈវប្បធម៌បុរាណខ្មែរ និង ៣-បង្កើតការងារឱ្យយុវជននិងលើកស្ទួយការងារសង្គមកិច្ច៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមុខងារសាធារណៈ