រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកដល់អ្នកសារព័ត៌មានអំពីតួនាទីរបស់ខ្លួន

ស្ទឹងត្រែង៖រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា សារព័ត៌មាន គឺជាអំណាចសង្គមដែលប្រជាជនអាចបញ្ចេញមតិដោយ សេរីតាមរយៈសារព័ត៌មាន ហើយសារព័ត៌មាន មានតួនាទីសម្រាប់នាំយកព័ត៌មានពីថ្នាក់ដឹកនាំទៅដល់ប្រជាជន និងពីមូលដ្ឋានទៅថ្នាក់ដឹកនាំវិញប្រកបដោយជាក់លាក់ ងាយស្រួលដល់ថ្នាក់ដឹកនាំបានដោះស្រាយបញ្ហាជូនប្រជាជនទាន់ពេលវេលា និងប្រសិទ្ធភាព ។

ក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃចន្ទទី២៥ ខែមីនា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តល់សារដល់អ្នកសារព័ត៌មានទាំងអស់ សូមឱ្យផលិតព័ត៌មាន មានគុណភាព និងការពិតចៀសវាងការប្រឈមនឹងផ្លូវច្បាប់ ។
ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើសិនអ្នកសារព័ត៌មានពេលកំពុងបំពេញវិជ្ជាជីវៈដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈហើយប្រឈមទៅនឹងផ្លូវច្បាប់លើករណីណាមួយ ក្រសួងព័ត៌មាន នឹងមានមេធាវីសម្រាប់ជួយដោះស្រាយដែលផ្តល់ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តាំផ្ញើដល់អ្នកព័ត៌មានក្នុងខេត្តស្ទឹងត្រែងទាំងអស់ មិនត្រូវយកវិស័យព័ត៌មានធ្វើជាអាជីពសម្រាប់ដោះដូរនិងផលប្រយោជន៍ ដែលនាំឱ្យប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈដែលនាំឱ្យមានការប្រឈមជាមួយផ្លូវច្បាប់នោះឡើយ ៕
ដោយៈ ដេង ម៉ាវិន

ads banner