ក្រិកចំណាយ ៣៩២លានដុល្លារ ទិញយកយន្តហោះពន្លត់អគ្គិភ័យដ៏ទំនើបចំនួន ៧គ្រឿងពីកាណាដា

អាថែន៖ រដ្ឋាភិបាលក្រិក នៅថ្ងៃអង្គារនេះ ចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះពន្លត់អគ្គិភ័យដ៏ទំនើប De Havilland Canada (DHC-515) ចំនួន ៧គ្រឿង ដើម្បីយកទៅប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏កំណាចក្នុងប្រទេសខ្លួន។

កិច្ចព្រមព្រៀងទិញលក់យន្តហោះចំនួន ៧គ្រឿង ក្នុងតម្លៃ ៣៦១លានអឺរ៉ូ ឬប្រហែល ៣៩២លានដុល្លារ បានបញ្ចប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅពេលដែលនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានជួបជាមួយនាយករដ្ឋមន្ត្រីក្រិក លោក ឃីរីយ៉ាកូស មីតសូតាគីស នៅទីក្រុងម៉ុនទ្រាល ដើម្បីប្រារព្ធទិវាឯករាជ្យក្រិក និងដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងវប្បធម៌ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា យន្តហោះទាំងនេះ នឹងចូលខ្លួនមកជួយប្រយុទ្ធប្រឆាំងភ្លើងឆេះព្រៃដ៏កំណាច ដែលកំពុងតែបំផ្លាញតំបន់អឺរ៉ុបខាងត្បូងកាន់តែខ្លាំងឡើង។ ការទិញលក់យន្តហោះ ដែលជាផ្នែកមួយនៃការកែប្រែក្នុងជួរកងយន្តហោះចាស់ៗរបស់ប្រទេសក្រិកនេះ នឹងត្រូវចែកចាយនៅចន្លោះឆ្នាំ២០២៧ និងឆ្នាំ ២០៣០ នេះបើយោងតាមកិច្ចព្រមព្រៀង។

យន្តហោះថ្មីទាំងនេះ អាចផ្ទុកបរិមាណទឹកបានច្រើនជាងមុន ដើម្បីចាក់លើតំបន់ដែលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃ បើធៀបនឹងយន្តហោះ Canadair ហើយអាចហោះហើរបានយូរជាង។
ភ្លើងឆេះព្រៃនៅរដូវក្ដៅបានកើតមានជាយូរមកហើយនៅក្នុងប្រទេសក្រិក ប៉ុន្តែការកើនឡើងសីតុណ្ហភាព និងគ្រោះរាំងស្ងួត បានធ្វើឱ្យវិបត្តិនេះកាន់តែកើតឡើងញឹកញាប់ និងកាន់តែធំ។

ភ្លើងឆេះកាលពីឆ្នាំមុន បានបំផ្លាញផ្ទៃដីអស់រាប់ម៉ឺនហិកតានៅភាគឦសានប្រទេសក្រិក។ គ្រោះអគ្គិភ័យដ៏សាហាវបំផុតក្នុងកំណត់ត្រាបានសម្លាប់មនុស្ស ១០៤នាក់នៅខាងក្រៅរដ្ឋធានីអាថែន ក្នុងឆ្នាំ ២០១៨៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner