Nissan ត្រៀមបញ្ចេញរថយន្តស៊េរីថ្មីចំនួន ៣០ម៉ូឌែល ប្រជែងចិន

តូក្យូ ៖ ក្រុមហ៊ុន Nissan បានប្រកាសនៅថ្ងៃចន្ទថា ខ្លួនមានបំណងបញ្ចេញវត្តមានរថយន្តស៊េរីថ្មីចំនួន ៣០ម៉ូដែល ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដែលក្នុងនោះចំនួន ១៦ម៉ូដែល ជារថយន្តអគ្គិសនី។

ក្រុមហ៊ុន Nissan ប្រកាសថា ខ្លួននឹងកាត់បន្ថយថ្លៃដើមផលិតរថយន្តអគ្គិសនីជំនាន់ក្រោយចំនួន ៣០ភាគរយ ខណៈដែលក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុនមួយនេះ កំពុងប្រឹងប្រែងប្រកួតជាមួយគូប្រជែងចិន។ ក្រុមហ៊ុន Nissan បានបញ្ជាក់ថា ខ្លួននឹងព្យាយាមសម្រេចឱ្យបាននូវការកាត់បន្ថយការចំណាយយ៉ាងសំខាន់ នៅក្នុងការផលិតរថយន្តអគ្គិសនីម៉ូដែលទំនើបៗ តាមរយៈការអភិវឌ្ឍន៍ជាក្រុមតាមបែបលក្ខណៈគ្រួសារ ជាមួយនឹងការផលិតរថយន្តក្រោមវិធីសាស្រ្ត ដែលចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធ ២០២៧។

ផែនការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និង Honda បានប្រកាសក្នុងខែមីនានេះថា ពួកគេកំពុងស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រ នៅក្នុងខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនី ដើម្បីតាមឱ្យទាន់ដៃគូប្រកួតប្រជែងចិន។ ចិនបានវ៉ាដាច់ជប៉ុន ក្នុងនាមជាប្រទេសនាំចេញរថយន្តដ៏ធំបំផុត របស់ពិភពលោកកាលពីឆ្នាំមុន ដោយសារតែកំណើននៃការលក់រថយន្តអគ្គិសនី។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ Nissan បានទម្លាក់ការព្យាករណ៍បរិមាណលក់ឯកតារបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នពី ៣.៧លានគ្រឿង មកត្រឹម ៣.៥៥លានគ្រឿង ដោយលើកឡើងពីការរំខានផ្នែកដឹកជញ្ជូនបណ្តោះអាសន្ន និងការប្រកួតប្រជែងកាន់តែខ្លាំង។ ទន្ទឹមគ្នា ក្រុមហ៊ុន Nissan ក៏បានអះអាងដែរថា នៅឆ្នាំ២០៣០ ខ្លួនមានបំណងផលិតរថយន្តអគ្គិសនីក្នុងតម្លៃដូចគ្នាទៅនឹងរថយន្តម៉ាស៊ីនសាំង។ ហើយក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុនមួយនេះ ក៏បានបង្ហាញពីគោលដៅលក់រថយន្តចំនួន ១លានគ្រឿងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោកក្នុងរយៈពេល៣ឆ្នាំផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner