យានអវកាស Soyuz របស់រុស្ស៊ីជោគជ័យ ក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ
មូស្គូ៖ ទីភ្នាក់ងារអវកាស Roscosmos រុស្ស៊ី និយាយថា យានអវកាស Soyuz MS-25 នៅថ្ងៃចន្ត បានចូលចតដោយជោគជ័យនៅឯស្ថានីយអវកាសអន្តរជាតិ (ISS) ពោលបួនថ្ងៃបន្ទាប់ពីការបាញ់បង្ហោះរបស់យាននេះ ត្រូវបានពន្យារពេលដោយសារបញ្ហាបច្ចេកទេស។
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និយាយថា យាន Soyuz MS-25 បានចូលចតនៅឯស្ថានីយអវកាសអន្តរជាតិ ISS ដោយជោគជ័យ បន្ទាប់ពីបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល Baikonur នៅក្នុងប្រទេសកាហ្សាក់ស្ថាន នៅម៉ោង ១២និង៣៦នាទី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អវកាសយានិកនៅលើយានអវកាសនេះ រួមមានអវកាសយានិកស្ត្រីដំបូងគេរបស់ប្រទេសបេឡារុស នាង Marina Vasilevskaya, អវកាសយានិករុស្ស៊ី លោក Oleg Novitsky និងអវកាសយានិកអាមេរិក នាង Tracy Dyson ដែលបានហោះហើរកាលពីថ្ងៃសៅរ៍សម្រាប់ការធ្វើដំណើររយៈពេលពីរថ្ងៃ។

បើតាមការគ្រោងទុកនោះ លោក Novitsky និង នាង Vasilevskaya នឹងត្រូវចំណាយពេល ១៤ថ្ងៃនៅស្ថានីយ ISS ហើយត្រលប់មកផែនដីវិញ តាមយានអវកាស Soyuz MS-24 ជាមួយអវកាសយានិកអាមេរិក នាង Loral O’Hara ខណៈដែលនាង Dyson នឹងត្រូវចំណាយពេល ១៨៤ថ្ងៃនៅទីនោះ។
គួរបញ្ជាក់ថា លំហអាកាស គឺជាផ្នែកចុងក្រោយមួយ នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ចំពេលមានការបែកបាក់ស្ទើរតែទាំងស្រុង នៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដែលការបាញ់បង្ហោះយានអវកាស Soyuz របស់រុស្ស៊ី គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ជូនអវកាសយានិកទៅមករវាងផែនដី និងស្ថានីយអវកាសអន្តរជាតិ (ISS) បន្ទាប់ពីអង្គការ NASA បានបញ្ឈប់កម្មវិធីយានអវកាសរបស់ខ្លួន។
ប៉ុន្តែបច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្លាស់ប្តូរទៅប្រើប្រាស់គ្រាប់រ៉ុក្កែត SpaceX ដែលផលិតឡើងដោយក្រុមហ៊ុនឯកជនរបស់លោក Elon Musk៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា