ការលក់លំនៅដ្ឋានថ្មីនៅសហរដ្ឋអាមេរិកធ្លាក់ចុះលើសពីការំពឹងទុក

វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃចន្ទបានឱ្យដឹងថា ការលក់ផ្ទះថ្មីរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះលើសពីការរំពឹងទុកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

នាយកដ្ឋានពាណិជ្ជកម្មអាមេរិកនិយាយថា ការលក់ផ្ទះថ្មីលក្ខណៈគ្រួសារ មានអត្រាប្រចាំឆ្នាំចំនួន ៦៦២,០០០យូនីតកាលពីខែកុម្ភៈ ធ្លាក់ចុះ ០.៣ភាគរយ បើធៀបនឹងខែមករា មានចំនួន ៦៦៤,០០០យូនីត។ រីឯតម្លៃលក់ជាមធ្យមនៃអចលនទ្រព្យថ្មីដែលបានលក់ក្នុងខែកុម្ភៈ មានចំនួន ៤០០,៥០០ដុល្លារ ទាបជាងខែមករា។

តួលេខធ្លាក់ចុះបន្តិចបន្តួចនេះ កើតឡើងដោយសារអត្រាប្រាក់កម្ចីទិញផ្ទះនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយស្ថានភាពនេះដែរ ក៏ធ្វើឱ្យម្ចាស់លំនៅដ្ឋានស្ទាក់ស្ទើរដាក់លក់អចលនទ្រព្យរបស់ពួកគេនៅលើទីផ្សារផងដែរ ដែលនាំឱ្យមានកង្វះការផ្គត់ផ្គង់។

ប្រសិនបើប្រៀបធៀបនឹងឆ្នាំមុន ការលក់ផ្ទះថ្មីលក្ខណៈគ្រួសារ មានចំនួនខ្ពស់ជាង ៥.៩ភាគរយនៅក្នុងខែកុម្ភៈ។ ទោះយ៉ាងណាក៏ដោយ អ្នកវិភាគព្រមានថា តួលេខលក់ផ្ទះថ្មីអាចមានការប្រែប្រួល។ លោក Oliver Allen សេដ្ឋវិទូជាន់ខ្ពស់អាមេរិកនៅក្រុមហ៊ុន Pantheon Macroeconomics រំពឹងថា ការធ្លាក់ចុះនៃអត្រាប្រាក់កម្ចីទិញផ្ទះនៅឆ្នាំនេះ នឹងនាំទៅរកការរស់ឡើងវិញ នៃតម្រូវការកម្ចីទិញផ្ទះ។

គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្ចីទិញផ្ទះក្នុងអត្រាថេររយៈពេល ៣០ឆ្នាំជាមធ្យមមានចំនួន ៦.៨៧ភាគរយ នេះបើយោងតាមក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក Freddie Mac។ តួលេខនេះ ខ្ពស់ជាងកាលពីខែមីនា ឆ្នាំ២០២១ នៅពេលដែលអត្រាមានចន្លោះពី ៣ ទៅ ៣.២ភាគរយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner