ក្រុមហ៊ុនផលិតយន្តហោះធំបំផុតទី៣ របស់ពិភពលោក រកប្រាក់ចំណេញសុទ្ធបាន ១៦៤លានដុល្លារក្នុងឆ្នាំ២០២៣

ប្រាស៊ីលីយ៉ា៖ Embraer របស់ប្រទេសប្រេស៊ីល ដែលជាក្រុមហ៊ុនផលិតយន្តហោះធំជាងគេទីបីរបស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុន Airbus និង Boeing កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីការរកបានប្រាក់ចំណេញសុទ្ធរហូតដល់ ១៦៤លានដុល្លារក្នុងឆ្នាំ២០២៣។

គិតចាប់ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន Embraer របស់ប្រេស៊ីល បានរាយការណ៍ពីប្រាក់ចំណេញចំនួន ១៩២.៦លានដុល្លារ កើនឡើងពី ២២.៩លានដុល្លារក្នុងត្រីមាសដូចគ្នានៃឆ្នាំ២០២២។ ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនផលិតយន្តហោះធំជាងគេទីបីរបស់ពិភពលោកនេះ បានចែកចាយយន្តហោះសរុបរហូតដល់ ១៨១គ្រឿង កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំមុន។

ក្នុងនោះយន្តហោះពាណិជ្ជកម្មមានចំនួន ៦៤គ្រឿង, យន្តហោះប្រតិបត្តិការមានចំនួន ១១៥គ្រឿង និងយន្តហោះយោធាធុន C-390 មានចំនួន ២គ្រឿង។
ក្រុមហ៊ុន Embraer របស់ប្រេស៊ីល នៅតែបន្តប្រឈមមុខនឹងការពន្យារពេលខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការចែកចាយកាលពីឆ្នាំ២០២៣។

ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមហ៊ុនផលិតយន្តហោះយក្សរបស់ប្រេស៊ីលមួយនេះ បានរំពឹងថា ខ្លួននឹងទទួលបានលទ្ធផលល្អប្រសើរជាងមុននៅឆ្នាំ២០២៤នេះ ជាមួយនឹងផែនការក្នុងការចែកចាយយន្តហោះពាណិជ្ជកម្មរហូតដល់ ៨០គ្រឿង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner