គ.ជ.ប ឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ឆ្នាំ២០២៤ វីដេអូអប់រំ ដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយ សៀវភៅណែនាំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងការបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ជាភាសាអង់គ្លេស។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេចដូចខាងក្រោម៖
១.ឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖
-ប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
-សេចក្តីណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
២.ឯកភាពលើរូបភាព និងខ្លឹមសារស្ប៉តវីដេអូអប់រំ ចំនួន៣រឿង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក
ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ រួមមានដូចខាងក្រោម៖
-ស្ប៉តវីដេអូអប់រំ មានចំណងជើងថា “តើអ្វីជាការបោះឆ្នោតអសកល”
-ស្ប៉តវីដេអូអប់រំ មានចំណងជើងថា “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា”
-ស្ប៉តវីដេអូអប់រំបែបគំនូរជីវចល មានចំណងជើងថា “ការឃោសនាបោះឆ្នោត”។
៣.ឯកភាពជាគោលការណ៍លើខ្លឹមសារសៀវភៅណែនាំ គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
៤.ឯកភាពលើខ្លឹមសារសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ជាភាសាអង់គ្លេស។ សៀវភៅច្បាប់ជាភាសាអង់គ្លេសនេះ ត្រូវថែមខ្លឹមសារបញ្ជាក់ថា សម្រាប់ប្រើប្រាស់ផ្ទៃក្នុង គ.ជ.ប៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner