ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាននឹងបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តរាជធានី ដើម្បីបំពេញការងារផ្នែកព័ត៌មាន និងសាធារណមតិកាន់តែមានប្រសិទ្ធភាពប្រសើរឡើង

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តរាជធានី ដើម្បីបំពេញភារកិច្ចបន្ថែមក្នុងការជួយរដ្ឋបាលខេត្តរាជធានីលើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិឱ្យបានល្អ, ផ្សព្វផ្សាយឱ្យបានទូលំទួលាយនូវសមិទ្ធផលដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន ក៏ដូចជាធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ការផ្សព្វផ្សាយទាំងឡាយដែលគ្មានមូលដ្ឋាន ជាព័ត៌មានមិនពិតប្រកបដោយបុរេសកម្ម និងសកម្ម។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តក្រចេះ ក្នុងអំឡុងពេលឯកឧត្តមជួបប្រជុំជាមួយមន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ ដើម្បីពង្រឹងរបៀបរបបការងារ និងការតម្រង់ទិសបន្ថែមដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ និងការប្រគល់បណ្ណសរសើរដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តនិងបញ្ញាបម្រើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នាពេលកន្លងទៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់បងប្អូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តក្រចេះ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារនាពេលកន្លងទៅ និងបន្តលើកទឹកចិត្តបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថាការប្រគល់ជូនបណ្ណសរសើរដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងនៅតាមមន្ទីរព័ត៌មានរាជធានីខេត្ត ជាការទទួលស្គាល់នូវការលះបង់ និងកិច្ចខិតខំប្រឹងរបស់បងប្អូនមន្ត្រីដែលតស៊ូបំពេញការងារតាមតួនាទីភារកិច្ចដែលមាន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្ត្រីទាំងអស់បន្តសិក្សារៀនសូត្រ និងធ្វើទំនើបកម្មសមត្ថភាពខ្លួនឯងឱ្យស្របនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាពិសេសមន្ត្រីនៃមន្ទីរព័ត៌មាននឹងត្រូវទទួលអនុវត្តការងារជាច្រើនទៀតសំដៅលើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិសម្រាប់ខេត្តរាជធានីរបស់ខ្លួន៕
ដោយ៖ពលជ័យ
រូបភាព៖ខឹម សុវណ្ណារ៉ា

ads banner