ថ្មគន្លឹះឬ«ថ្មសោ»ដូនតាខ្មែរប្រើសម្រាប់រើថ្ម ឬជួសជុលសំណង់ប្រាសាទបុរាណ
(ភ្នំពេញ)៖ គ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពី មួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោជាចាំបាច់ណាស់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤នេះថា ថ្មគន្លឹះនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។
ក្នុងនេះយើងអាចសង្កេតមើលបានតាមរយៈថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។
ទាក់ទិនក្នុងរឿងនេះឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឱ្យដឹងជុំវិញបញ្ហានេះថា ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាសម្រាប់លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់ នោះ ឡើង វិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត៕
ដោយ ៖ ម៉ាដេប៉ូ