១២ថ្ងៃមកនេះ៖ ឃ្លុំដីជាង ៨ពាន់ហិកតា, កសាងសំណុំរឿង៥នាក់ និង កំណត់អត្តសញ្ញាណជនសង្ស័យ ១៣នាក់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុ មការងារ ដឹកនាំរួមកាល ពីថ្ងៃចន្ទ នៅសាលប្រជុំសាលាស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំ ត្រួត ពិនិត្យលទ្ធផលការងារ និងពិភាក្សាអំពី បញ្ហាប្រឈម រកដំណោះស្រាយ ព្រមទាំងរៀបចំផែនការអនុវត្តបន្តរបស់អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធាន ធម្មជាតិ ទាំង១០ក្រុម ដែលបាននិងកំពុង ចុះប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង ។
ក្នុងកិច្ចប្រជុំឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អនុគណៈកម្មការ ទាំង១០ក្រុម ដែលបានខិតខំបំពេញ បេសកកម្ម ក្នុងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន យ៉ាងសកម្ម ដល់គ្រប់គោលដៅទាំងអស់ ដោយ ពុំខ្លាចនឿយហត់ ទោះ ស្ថិតក្នុងស្ថានភាពផ្លូវលំបាក និងប្រឈមខ្លាំងយ៉ាងណាក៏ដោយ។លោកបន្តថា កិច្ចការងារនៅថ្ងៃខាងមុខ នឹងធ្វើការបង្រួមក្រុម នៅពេល ដែលអនុគណៈកម្មការទាំងឡាយណាបានអនុវត្តកិច្ចការងារបានច្រើន ។ការបង្រួមក្រុមនេះដែរ ក្នុងគោលដៅដើម្បីចុះទៅតំបន់ណា ដែលមាន សភាពការក្តៅ និងប្រឈមខ្លាំង។
សូមជម្រាបថា យោងតាមរបាយការណ៍ របស់ក្រុមលេខាធិការដ្ឋាន ថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុង ភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានឱ្យដឹងថា គិតចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែមីនា កម្លាំងសមត្ថកិច្ចចម្រុះ នៃអនុគណៈ កម្មការ ទាំង១០ក្រុម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស កាប់រុករាន ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដើម្បី ធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ដោយបានឃ្លុំដី សរុបបានចំនួន ៨,៤៣២.១៤ហិកតា, អប់រំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ បានចំនួន៤៥នាក់ ក្នុងនោះស្រី ចំនួន៧នាក់។ធ្វើការ ឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់, កសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងខេត្តចំនួន៥នាក់ និងកំណត់អត្តសញ្ញាណ ជនសង្ស័យ បានចំនួន១៣នាក់៕
បន្ទាប់ពីអនុគណៈកម្មការទាំង១០ក្រុម បានលើកឡើងពី បញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនអង្គប្រជុំបានធ្វើការដោះស្រាយ នោះរួចមក ឯកឧត្តម ខូយ រីដា ក៏បានដាក់ចេញផែនការដល់អនុគណៈកម្មការ ទាំង១០ សម្រាប់កិច្ចការងារបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ៕
ដោយ៖ចេង ពុំ