ក្រសួងពាណិជ្ជកម្មព្រមានចាត់ការផ្លូវច្បាប់ចំពោះអាជីវកម្ម «កម្ពុជាកម្ចីរហ័ស» (Video Inside)
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ហៅកម្ចីអនឡាញមួយឈ្មោះ «កម្ពុជាកម្ចីរហ័ស» ថាជាក្រុមធ្វើអាជីវកម្ម ដែលគ្មានច្បាប់ និងបានផ្សព្វផ្សាយបោកប្រាស់ប្រជាពលរដ្ឋ។
យោងតាមក្រសួងពាណិជ្ជកម្ម អាជីវកម្មឈ្មោះ «កម្ពុជាកម្ចីរហ័ស» ដែលប្រើប្រាស់រូបសញ្ញា Logo ពាណិជ្ជកម្មរបស់ក្រសួង នៅក្នុងការផ្សព្វផ្សាយការរកស៊ី ដែលតាមពិតអាជីវកម្មនោះ គឺ «ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបបានទទួលថ្ងៃនេះ បានអំពាវនាវពលរដ្ឋត្រូវ «ចៀសវាងការចាញ់បោក» ឬការ «ខាតបង់ទ្រព្យសម្បត្តិជាយថាហេតុ»។
ក្រសួងបានប្រាប់ម្ចាស់អាជីវកម្ម «កម្ពុជាកម្ចីរហ័ស» ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រូបសញ្ញា និងអះអាងភាពពាក់ព័ន្ធរបស់ខ្លួន ជាមួយនឹងក្រសួងពាណិជ្ជកម្ម។
ក្រសួងបានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម។