មន្ត្រីរដ្ឋបាលព្រៃឈើអរគុណដល់រាជរដ្ឋាភិបាល ក្រោយការជួយអន្តរាគមន៍រកការដោះលែង ពីពន្ធនាគារអាមេរិក (Video Inside)

មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ដែលអាជ្ញាធរអាមេរិកបានចាប់ខ្លួន ក្នុងពេលដែលលោកបាននាំយកស្វាព្រៃកន្ទុយវែង ឬសត្វស្វាក្តាម ឆ្លងកាត់ទឹកដីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២២នោះ ត្រូវបានតុលាការអាមេរិកដោះលែងវិញហើយ ក្រោយការរកឃើញថាលោកគ្មានកំហុសនោះទេ។

លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងបេសកកម្មការងារចូលរួមក្នុងកិច្ចប្រជុំអនុសញ្ញាសាយតេស (CITES) នៅក្នុងប្រទេសប៉ាណាម៉ា ត្រូវបានអាជ្ញាធរអាមេរិកនាពេលនោះ បានចាប់ខ្លួនដោយចោទថា បានរត់ពន្ធនាំយកស្វាព្រៃកន្ទុយវែង ឬសត្វស្វាក្តាម ចូលក្នុងទឹកដីអាមេរិក។

បើសិនជាមានការរកឃើញថា លោកមានកំហុសក្នុងការរត់ពន្ធមែននោះ ច្បាប់អាមេរិកនឹងដាក់ទោស ដាក់គុកចំនួនយ៉ាងហោច ៥ឆ្នាំ។ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤, លោក គ្រី ម៉ះផល ត្រូវបានតុលាការរដ្ឋ Florida សហរដ្ឋអាមេរិក បានសម្រេចថា លោកគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិត ក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិកនោះទេ។

លោកបានវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ ក្រោយការឃុំខ្លួនបណ្តោះអាសន្ន ដោយអាជ្ញាធរអាមេរិក រយៈពេល១ឆ្នាំ ៤ខែ និង១០ថ្ងៃ។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខ្នះខ្នែងជួយធ្វើឱ្យរូបលោក បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។

ads banner