ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អូស្រ្តាលី កម្ពុជា បន្តជំរុញការបង្កើនកិច្ចសហប្រតិ បត្តិការ រវាងរដ្ឋាភិបាល នាពេលបច្ចុប្បន្ន និង អនាគត

ភ្នំពេញ៖ ខណៈទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកជំនួបជាមួយ ឯកអគ្គរាជទូតអូស្រ្តាលី និងសហការី ដោយបានចាត់ទុកជំនួបនាឱកាសនេះថា ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល អូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអបអរសាទរ ចំពោះរដ្ឋាភិបាល អូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊នកាលពីដើមខែមីនា ឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំចង្អៀត និងទ្វេភាគីផ្សេងៗទៀត ដែលមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ប្រកបដោយជោគជ័យ។

ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត ។

ឯកឧត្ដមឯកអគ្គរាជទូត និងឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ និងរត់ពន្ធមនុស្ស គ្រឿងញៀន បទល្មើស បច្ចេកវិទ្យា ដូចជាអំពើឆបោកតាមប្រព័ន្ធអ៊ិនធឺណិត- Online Scamming បទល្មើសសេដ្ឋកិច្ច និងការងារប្រយុទប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅតាមព្រំដែន ដែលភាគីកម្ពុជា និងអូស្រ្តាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញ ក្ដីសង្ឃឹថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត និងការជឿជាក់ថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗដល់មន្រ្តីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner