សហជីពនៅកម្ពុជា ចាត់ទុកដំណោះស្រាយចំពោះកម្មកររោងចក្រ R.G ជារឿងត្រឹមត្រូវ និងអំពាវនាវឱ្យកម្មករទទួលយក

ភ្នំពេញ៖ ប្រធានសហជីពនានានៅកម្ពុជា នាថ្ងៃទី២៧ មីនា ឆ្នាំ២០២៤ បានប្រកាស ចាត់ ទុកដំណោះស្រាយទាំង៣ចំណុចដែលរាជរដ្ឋាភិបាលបានដោះ ស្រាយចំពោះ ករណី រោងចក្រ ស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) គឺជារឿងត្រឹមត្រូវស្របតាមច្បាប់ជាមូលដ្ឋាន និងអំពាវនាវឱ្យកម្មករ ទទួល យក ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ដំណោះស្រាយ ទាំង៣ចំណុច ដែលផ្តល់ឱ្យកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ ដែលរួមមាន ប្រាក់ឈ្នួល ដែលមិនទាន់បានបើកក្នុងខែចុងក្រោយ, ប្រាក់ជួសការឈប់សម្រាក ប្រចាំឆ្នាំ ដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%ជារឿងត្រឹមត្រូវ។

ប្រធានសហជីពរូបនេះ ពន្យល់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ ជាករណី ប្រធាន សក្តិ ដោយ សារតែការខូចខាត ទាំងស្រុងដោយអគ្គីភ័យដែលមិនអាច ស្រោចស្រង់ បានវិញ បានឆាប់ៗនោះទេ ហើយមួយវិញទៀត កម្មករនិយោជិត ក្នុងរោងចក្រទាំងអស់ បាន ប្រើប្រាស់កិច្ចសន្យាការងារ មានថិរវេលាកំណត់(FDC)ដែលធ្វើឱ្យកម្មករទទួល បាន សំណងចំនួន៣ចំណុចនេះ ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យកម្មករ ទទួលយកដំណោះស្រាយខាងលើ ដោយលើកឡើងថា សូមបងប្អូនកម្មករនៃរោងចក្រ R.G Footwear ទាំងអស់ មកទទួលយកសំណងដែលក្រសួងបានប្រកាសថានឹងផ្តល់ជូនបងប្អូននៅថ្ងៃទី៣០ ខែមីនា ២០២៤ សូមកម្មករនិយោជិតទាំងអស់ យល់អំពីផ្លូវច្បាប់ សូមបងប្អូនមកទទួលយកសំណងបានគ្រប់ៗគ្នា ។

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាជាតិសហជីព លោក សំ សឿន យល់ឃើញដូចគ្នាដែរថា ដំណោះស្រាយទាំង៣ចំណុចដែលបានដាក់ចេញជូនកម្មករនៃរោងចក្រ អ.ជី គឺស្របតាម ច្បាប់ដែលមានចែងជាធរមាន ព្រោះការក្ស័យធនកើតឡើងដោយប្រធានសក្តិ និងកម្មករ ប្រើ ប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)ត្រូវទទួលបានដំណោះស្រាយ ចំនួនបីចំណុច ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើក ប្រាក់ ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណ សាលា ស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង៨៖៣០នាទីតទៅ ។

ជាមួយដំណោះស្រាយខាងលើ សហជីពនានាបានអំពាវនាវ ឱ្យកម្មករនិយោជិតទាំង អស់ ទទួលយកដោយ រីករាយហើយចៀសវាងការជឿពីមជ្ឈដ្ឋានមួយចំនួនដែលមិនបាន ផ្អែក ទៅតាមច្បាប់ការងារ ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner