មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់កងកម្លាំងគ្រប់អង្គភាព សហការជួយដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការក្តាប់ និងបង្ក្រាបមុខសញ្ញាបទល្មើសនានា

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជួយដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការក្តាប់ និងបង្ក្រាបមុខសញ្ញាបទល្មើសនានា ដូចជា បទល្មើសបំផ្លាញធនធានធម្មជាតិ ពិសេសបទល្មើសនៃការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញា ធរ ដែន ដី មានវិធានការ តាមផ្លូវច្បាប់បានទាន់ពេលវេលា ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងដូចនេះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤  
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការិយាល័យទី២ ប្រចាំត្រីមាសទី១ និងដាក់ចេញនូវទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ ។

លោកអនុសេនីយ៍ឯក ហោម សាំង នាយការិយាល័យទី២ ស្តីទី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីលទ្ធផលការងារ ដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ ហើយនិងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ក្នុងភារកិច្ចដែលបានអនុវត្តន៍កន្លងមក ជូនអង្គប្រជុំ ដើម្បីពិភាក្សានិងបំពេញបន្ថែម ។

បន្ទាប់មកអង្គប្រជុំ បានពិភាក្សា និងលើកឡើងបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្ត ភារកិច្ចកន្លងមក នឹងបានសំណូមពរការងារមួយចំនួនដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យ និងដោះស្រាយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងការិយាល័យទី២ និងនៅតាមបណ្ដាកងឯកភាពចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ស្របតាមភារកិច្ចរបស់ខ្លួន និងផែនការដែលថ្នាក់លើបានដាក់ចេញ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ក្នុងការផ្ដល់ព័ត៌មានជូនមេបញ្ជាការ និងស្ថាប័ន ដែលមានការពាក់ព័ន្ធបានទាន់ពេលវេលា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនភ្នាក់ងារការិយាល័យទី២ អនុវត្តបន្តនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មានជាអាទិ៍ : ត្រូវធ្វើជាសេនាធិការ ជូនមេបញ្ជាការក្នុងការក្តាប់ព័ត៌មានគ្រប់ជ្រុងជ្រោយ វាយតម្លៃឲ្យបានច្បាស់លាស់ និងរាយការណ៍ជូនមេបញ្ជាការឲ្យបានទាន់ពេលវេលា ។ យកចិត្តទុកដាក់ក្តាប់ឲ្យជាប់មុខសញ្ញាជនបង្កភាពអនាធិបតេយ្យ ញុះញង់បង្កចលាចលធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម ៕

ដោយ :ប៊ុន រដ្ឋា

ads banner