ម៉ិកស៊ិក និងប្រជាជនទាស់គ្នារឿងប្រើថ្នាំសម្លាប់ស្មៅ ដែលអាចបង្កជំងឺមហារីក

ម៉ិកស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចពន្យារពេលហាមឃាត់ការប្រើប្រាស់ថ្នាំ glyphosate ដោយនិយាយថា ខ្លួនរកមិនឃើញជម្រើសផ្សេង ក្រៅពីការប្រើប្រាស់ថ្នាំសំលាប់ស្មៅដ៏ចម្រូងចម្រាសនេះនោះទេ។

ប្រជាជាតិអាមេរិកឡាទីនមួយនេះ គ្រោងនឹងបញ្ឈប់ការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ (glyphosate) ដែលក្រុមអ្នករិះគន់និយាយថា អាចបង្កឱ្យមានជំងឺមហារីក និងគំរាមកំហែងដល់ជីវចម្រុះ នៅត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ ប៉ុន្តែក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លក្ខខណ្ឌដើម្បីជំនួសការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ glyphosate នៅក្នុងវិស័យកសិកម្មម៉ិកស៊ិកមិនត្រូវបានបំពេញទេ។

ថ្នាំសម្លាប់ស្មៅនេះនឹងបន្តប្រើប្រាស់ ខណៈរដ្ឋាភិបាលនៅតែបន្តស្វែងរកថ្នាំសម្លាប់ស្មៅជំនួស ដែលមានជាតិពុលទាប ដើម្បីរក្សាផលិតភាពវិស័យកសិកម្ម។
Glyphosate គឺជាថ្នាំសម្លាប់ស្មៅដែលគេប្រើយ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ២០១៥ បានចាត់ថ្នាក់វាថា ជាថ្នាំទំនងមានផ្ទុកសារធាតុបង្កជំងឺមហារីក។

ធាតុផ្សំសំខាន់នៅក្នុងថ្នាំសម្លាប់ស្មៅនេះ រួមទាំង Roundup ដែលផលិតដោយក្រុមហ៊ុនគីមីយក្សអាល្លឺម៉ង់ Bayer ដែលបានទិញម៉ាកនេះ នៅពេលខ្លួនបានទិញក្រុមហ៊ុនអាមេរិក Monsanto ក្នុងឆ្នាំ២០១៨។ បច្ចុប្បន្នទាំងក្រុមហ៊ុន Monsanto និង Bayer បានប្រឈមមុខនឹងការប្ដឹងតវ៉ានៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសារធាតុ Roundup ដែលគេសង្ស័យថា អាចបង្កជំងឺមហារីក។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនទាំងពីរបានទាត់ចោលការអះអាងបែបនេះ ប៉ុន្តែបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីដោះស្រាយវិវាទផ្លូវច្បាប់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner