ចូលឆ្នាំខ្មែរ ទៅជិះរទេះគោ និងរទេះក្របីនៅព្រះដាក់

ភ្នំពេញ:ក្នុងដែនដីដ៏ស្រស់បំព្រងនៃខេត្តសៀមរាប នៅមិនឆ្ងាយប៉ុន្មានពីអច្ឆរិយវត្ថុនៃអង្គរវត្ត ។ដំណើរត្រឡប់ទៅអតីតកាលកំពុងរង់ចាំអ្នកទេសចរ។ នោះគឺការជិះរទេះគោ និងរទេះក្របី នៅភូមិព្រះដាកដ៏ល្បីល្បាញ រំលេចខ្លួននៅខាងកើតនៃជំរំប្រាសាទបុរាណ។ រទេះប្រពៃណីទាំងនេះ ដែលជានិមិត្តរូបនៃកម្លាំងសាមគ្គី និងការតស៊ូដ៏ខ្លាំងក្លារបស់កសិករខ្មែរ ដឹកអ្នកដំណើរចូលទស្សនាភូមិដ្ឋានស្រុកស្រែចំការដែលជាដួងព្រលឹងនៃជីវិតជនបទ។

លោក យស់ សា មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ជាតិប្រចាំខេត្តសៀមរាប និងប្រចាំសហគមន៍ទេសចរណ៍ភូមិព្រះដាក់បានឱ្យដឹងថា ប្រជាពលរដ្ឋនៅភូមិព្រះដាក់ក្នុងខេត្តសៀមរាប ប្រមាណ៩០ភាគរយ នៃគ្រួសារសរុប ៣ ២៥០ នៅតែប្រើប្រាស់រទេះគោ និងរទេះក្របីជាមធ្យោបាយធ្វើដំណើរ។ ចាប់តាំងពីឆ្នាំ ២០០៩ មក រទេះដែលកើតចេញពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរសម័យបុរាណ បានក្លាយជាផលិតផលទេសចរណ៍ដែលទទួលបានការពេញចិត្ត និងកោតសរសើរពីភ្ញៀវអន្តរជាតិ។ នៅពេលនេះ វាកាន់តែពេញនិយមក្នុងចំណោមភ្ញៀវមកពីបណ្តាខេត្តក្រុងនានាផងដែរ។

លោក ធិម សិរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប រំពឹងថា នៅអំលុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខចំថ្ងៃទី១៣ ដល់ ទី១៦ ខែមេសា នឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាច្រើនមកកម្សាន្តនៅខេត្តសៀមរាប។ ក្នុងចំណោមនោះ នឹងមានភ្ញៀវមកសាកល្បងបទពិសោធន៍ធ្វើដំណើរផ្សងព្រេងតាមរទេះគោ រទេះក្របី កាត់ផ្លូវលំជនបទដែលមានវាលស្រែអមលម្អសងខាង។ រទេះគោ និងរទេះក្របី ចំនួន៥០គ្រឿងកំពុងរង់ចាំស្វាគមន៍អ្នកដំណើរនាឳកាសជួបជុំនារដូវចូលឆ្នាំនេះ។ រទេះគោដូចគ្នានេះក៏មានផងដែរនៅស្រុកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ដែលបានទាញចំណូលជួយប្រជាជនក្នុងសហគមន៍។

ក្រៅពីរទេះបុរាណនេះ ភូមិព្រះដាក់ ក៏ជាសហគមន៍ទេចរណ៍ដែលសម្បូរដោយផលិតផលទេចរណ៍ជាច្រើនផ្សេងទៀតដូចជា ស្ករត្នោត នំបញ្ចុក នំអាកោរត្នោត ទឹកត្នោត កន្ត្រក ត្បាញក្រមា និងខ្លុយជាដើម៕
ដោយ: ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner