រដ្ឋមន្ត្រីការបរទេស៖ ក្រសួងនឹងបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងស្ថាប័នជាតិនានាជាភ្ញៀវកិត្តិយស ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរចំពោះការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការរបស់ក្រសួង ដែលមានមនសិការស្នេហាជាតិយ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្តទុកដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់ ។

ទោះបីជាយ៉ាងនេះក្ដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រួមទាំងបញ្ហាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីដទៃទៀត ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ សន្តិសុខស្បៀងនិងថាមពល ជាដើម កំពុងស្ថិតនៅតែជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយរួមគ្នា  ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលនៅមានភាពផុយស្រួយនៅឡើយ ទោះបីត្រូវបានស្ដារឡើងវិញជាបណ្តើរៗក្តី ។

ស្ថិតក្នុងបរិបទខាងលើ និងក្នុងគោលដៅបន្តអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយការបរទេស និងការងារការទូតបុរេសកម្ម ឯករាជ្យ ផ្អែកលើច្បាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  បានជំរុញឱ្យមន្រ្ដីរាជការក្រសួងទាំងអស់ខិតខំតាមដាន វិភាគ និងវាយតម្លៃសភាពការណ៍តំបន់ និងពិភពលោក ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាព និងបង្កើនផលប្រយោជន៍ស្នូលជាអតិបរមាសម្រាប់ជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការងារចាំបាច់ដែលក្រសួងនឹងបន្តធ្វើនោះ គឺការបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាល ធនធានមនុស្ស ជាពិសេសក្នុង ការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្រ្តីការទូតកាន់តែមានភក្តីភាពចំពោះជាតិ ប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាពប៉ិនប្រសប់ មានសមត្ថភាពខ្ពស់ វៀងវៃ បត់បែន និងក្លាយជាយុទ្ធជនឈានមុខ ក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។ ការងារកំណែទម្រង់នេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដើម្បី “ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព” ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចផងដែរថា ការអញ្ជើញបំពេញទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនៅបរទេសជាច្រើនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រោយពីការចាប់បដិសន្ធិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ជាគំរូវីរភាពដ៏ល្អឥតខ្ចោះនៃ «ការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន» ជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត នៃយើងទាំងអស់គ្នា។ កិច្ចការទាំងអស់នេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចតាមរយៈការកៀរគរការវិនិយោគបរទេស ជំនួយបច្ចេកទេស និងប្រភពហិរញ្ញវត្ថុមកដល់កម្ពុជាផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner