កូរ៉េខាងត្បូងថ្កោលទោសរុស្ស៊ី ជុំវិញការវេតូបិទបញ្ចប់ការតាមដានទណ្ឌកម្ម UN ប្រឆាំងនឹងកូរ៉េខាងជើង

សេអ៊ូល៖ កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ និយាយថា កាតព្វកិច្ចក្នុងការអនុលោមតាមទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរទេ បើទោះបីការវេតូរបស់រុស្ស៊ីបានរារាំងក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលឃ្លាំមើលការដាក់ទណ្ឌកម្មអន្តរជាតិលើកូរ៉េខាងជើង ក្រោយមានការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងកំពុងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

អ្នកនាំពាក្យរងនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោកស្រី Kim In Ae ថ្លែងថា យើងសោកស្តាយរុស្ស៊ីបានប្រើសិទ្ធិវេតូ ដើម្បីផ្អាកសកម្មភាពរបស់ក្រុមអ្នកជំនាញនៃគណៈកម្មាធិការដាក់ទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកស្រី Kim បន្ថែមថា ការវេតូរបស់រុស្ស៊ីគឺដើម្បីការពារសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង ដោយការបិទភ្នែក និងត្រចៀករបស់សហគមន៍អន្តរជាតិ ក៏ដូចជាបញ្ចប់បេសកម្មក្រុមអ្នកជំនាញដែលតាមដានការរំលោភលើទណ្ឌកម្មរបស់កូរ៉េខាងជើង រួមទាំងការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងការនាំចេញអាវុធទៅកាន់ប្រទេសរុស្ស៊ី។

លោកស្រី Kim បានគូសបញ្ជាក់ថា បើទោះបីជាសកម្មភាពរបស់ក្រុមអ្នកជំនាញត្រូវផ្អាកក៏ដោយ ក៏កាតព្វកិច្ចក្នុងការអនុលោមតាមទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរទេ ហើយយើងនឹងខិតខំប្រឹងប្រែងជំរុញឱ្យកូរ៉េខាងជើងបោះបង់ផ្លូវខុសរបស់ខ្លួន។

គួរបញ្ជាក់ថា រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបោះឆ្នោតវេតូរាំងខ្ទប់ការផ្ដល់អាណត្តិថ្មីដល់គណៈកម្មាធិការនៃក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ដែលតាមដានលើការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner