ជួសជុលស្ពានបាក់នៅអាមេរិក ថវិកាបន្ទាន់ ៦០លានដុល្លារ
អាមេរិក៖ អភិបាលរដ្ឋ Maryland បានឲ្យដឹងថា មានសំណើកញ្ចប់ទឹកប្រាក់ ៦០លានដុល្លារ បន្ទាន់មួយ ទៅកាន់រដ្ឋបាលប្រធានាធិបតីអាមេរិក Jo Biden ដើម្បីដោះស្រាយបញ្ហាកប៉ាល់បុកស្ពាន នៅទីក្រុង Baltimore រួមមានទាំង ការជួសជុលស្ពានឡើងវិញ ជាដើម។
លោក Moore បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សំណើនេះត្រូវបានស្នើឡើងដោយនាយកដ្ឋានដឹកជញ្ជូនរដ្ឋ Maryland។ ប្រធានាធិបតីអាមេរិក លោក Joe Biden នៅដើមសប្តាហ៍នេះ បានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រងថ្លៃដើមទាំងស្រុង នៃការសាងសង់ស្ពាន ឡើងវិញ។
យោងតាមលោក Bruce Carnegie-Brown ប្រធានក្រុមហ៊ុនធានារ៉ាប់រងដ៏ធំ នៅអង់គ្លេស ឈ្មោះLloyd’s បានឱ្យដឹងថា គ្រោះមហន្តរាយនេះអាចបណ្តាលឱ្យមានការបង់ប្រាក់ធានារ៉ាប់រងលើដែនសមុទ្រដ៏ធំបំផុតមិនធ្លាប់មាន។
ការបិទកំពង់ផែក៏បានបង្កើនក្តីបារម្ភសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ជាមួយនឹងការងារផ្ទាល់នៅទីនោះចំនួន ១៤ម៉ឺននាក់ និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ កាន់តែទូលំទូលាយ។
ទីក្រុង Baltimore គឺជាកំពង់ផែគ្របដណ្តប់ដោយយានជំនិះដ៏ធំបំផុត នៅអាមេរិក រួមទាំងឡានដឹកកសិកម្មធុនធ្ងន់ នេះបើយោងតាមរដ្ឋមន្ត្រីដឹកជញ្ជូន លោក Pete Buttigieg ។ តម្លៃដឹកចន្លោះប្រហែលពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ចូលមកតាមកំពង់ផែ ជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា កប៉ាល់បុកស្ពាន នៅទីក្រុង Baltimore កាលពីយប់រំលងអធ្រាត ថ្ងៃអង្គារ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត