ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ ការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់ក្រុមប្រឆាំងជ្រុលនិយម គឺជាស្ថាប័នអង្គការចាត់តាំងមួយខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ហ៊ាង គឹមស្រឿង ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រាប់ឱ្យដឹងថា ការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច គឺវាគ្មានន័យ គ្មានប្រយោជន៍សម្រាប់ជាតិ និងប្រជាជនទេ ពីព្រោះអ្វីដែលពួកគេកំពុងតែធ្វើសកម្មភាព គឺអត់ខុសទៅនឹងការឃោសនានយោបាយបំផុសបំផុលបំបែកបំបាក់ជាតិនូវអ្វីដែលជាចេតនាទុច្ចរិតរបស់ពួកគេ។ ពួកគេនៅតែធ្វើសកម្មភាពដដែលៗ អត់ខុសពីសកម្មភាពដែលក្នុងនាមជាគណបក្សនយោបាយទេ។ សព្វថ្ងៃពួកគេក៏មិនមែនជាបុគ្គលនយោបាយទៀតដែរ ដោយសារតែអត់មានបក្ស អត់មានស្ថាប័ន អង្គការចាត់តាំងណាឱ្យបានត្រឹមត្រូវទេ។ ពួកគេធ្វើសកម្មភាពធ្វើទាំងខុសច្បាប់។

ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា “បើនិយាយពីលក្ខខណ្ឌច្បាប់ គឺការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មិនមែនស្របច្បាប់ទេ គឺជាស្ថាប័នអង្គការចាត់តាំងមួយខុសច្បាប់។ ដោយសារស្ថាប័នមួយ អង្គការចាត់តាំងមួយកើតឡើងដោយស្របច្បាប់ គឺត្រូវបានរៀបចំមានរចនាសម្ព័ន្ធ មានលក្ខន្តិកៈត្រឹមត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃដែលជាក្រសួងសាម៉ីទទួលបន្ទុក។ គ្រប់សកម្មភាពទាំងអស់របស់ក្រុមប្រឆាំងជ្រុលនិយម គឺផ្តើមហេតុធ្វើសកម្មភាពមិនស្របច្បាប់ទេ។ ចំពោះសកម្មភាពរបស់ពួកគេ ទោះបីជាធ្វើសកម្មភាពយ៉ាងណាក្តីដែលប្រជាពលរដ្ឋខ្មែរទាំងអស់បានជ្រួតជ្រាបអំពីបញ្ហាទាំងអស់ហ្នឹងទៅហើយ។ មូលហេតុអីបានជាប្រជាពលរដ្ឋខ្មែរជ្រួតជ្រាប ដោយក្រុមប្រឆាំងធ្វើចេតនានយោបាយឃោសនាការនិយាយមិនពិត និយាយមិនស្មោះត្រង់ តើប្រជាពលរដ្ឋត្រូវជឿពួកគេយ៉ាងដូចម្តេច? ព្រោះប្រជាពលរដ្ឋមានការស្វែងយល់ច្បាស់ណាស់នៅក្នុងសម័យកាលនេះ។ នៅក្នុងសម័យនេះ ទាំងយុវជន ទាំងប្រជាពលរដ្ឋបានយល់នូវអ្វីដែលជាសកម្មភាពរបស់ក្រុមប្រឆាំងមួយក្តាប់តូចដែលតែងតែបំផុសបំផុលបង្កើតចង់ឱ្យប្រទេសជាតិធ្លាក់ទៅក្នុងអសន្តិសុខសង្គម។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ាង គឹមស្រឿង ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយ រួមទាំងអង្គការសង្គមស៊ីវិល ត្រូវរួមគ្នាសម្រាប់អភិវឌ្ឍន៍ជាតិ រួមគ្នាថែរក្សាសុខសន្តិភាពជាតិ ដើម្បីឈានទៅវឌ្ឍនភាពសង្គមរបស់យើងអភិវឌ្ឍន៍ជាតិរបស់យើងឱ្យសម្បូររុងរឿងតរៀងទៅ។ ជាពិសេសរាល់បញ្ហាចលនាទាំងឡាយណាដែលចង់បង្កឱ្យជាតិរបស់យើងធ្លាក់ទៅក្នុងភាពអាប់អួរសង្គម យើងត្រូវរួមគ្នាទប់ស្កាត់កម្ចាត់ចោលឱ្យអស់នៅលើទឹកដីកម្ពុជារបស់យើង៕
ដោយ៖ពលជ័យ

ads banner