សម្តេចធិបតី៖ មន្ត្រីការទូតជាអ្នកអនុវត្តចក្ខុវិស័យ និងបេសកកម្មការទូត ជាអ្នកតំណាងប្រទេស និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និងចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មន្ត្រីការទូតជាអ្នកកំណត់ ជាអ្នកអនុវត្តចក្ខុវិស័យនិងបេសកកម្មការទូត ជាអ្នកតំណាងប្រទេសជាតិ និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និងចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានាផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្តេចធិបតី បានកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីការទូត និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារអនុវត្តនយោបាយការបរទេសកម្ពុជា ក្នុងស្មារតីស្នេហាជាតិ រក្សាបាននូវកិត្តិយស និងផលប្រយោជន៍ជូនជាតិមាតុភូមិ។ ជាចុងក្រោយ សម្តេចមហាបវរធិបតី បានអរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រធ្វើឱ្យសកម្មភាពការទូតកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner