រដ្ឋបាលខេត្តសៀមរាបប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្តរួមជាមួយអង្គភាពពាក់ព័ន្ធបានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» រយៈពេល៣ថ្ងៃ ចាប់ពី ថ្ងៃទី២៧ដល់ ថ្ងៃ ទី២៩ ខែមីនាឆ្នាំ ២០២៤ នៅសួនច្បារមាត់ស្ទឹងមុខព្រះរាជ ដំណាក់ក្រុងសៀមរាប។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានរំលឹកថា ទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំនេះ ផ្តោតសំខាន់ លើការបន្ត លើកកម្ពស់ស្មារតីប្រជាជនមហាជនជាពិសេស យុវជនដែលជាអ្នកបន្តវេនឱ្យកាន់តែមានការយល់ដឹងពីតម្លៃពិតនៃពហុវប្បធម៌ ចេះរួមរស់ជាមួយគ្នាប្រកបដោយសុខ ដុម រមនា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ ដែលជា មូលដ្ឋានគ្រឺះនៃសេចក្តី ស្រឡាញ់ គោរពដឹងគុណបុព្វការីជន និង បង្កើននូវសាមគ្គីធម៌ គុណធម៌ និងការអភិវឌ្ឍ។
លោក មួន សុភាព បង្ហាញបញ្ហាប្រឈមមួយចំនួនដូចជា ទំនៀម ទម្លាប់ប្រពៃណី និងឧបករណ៍ប្រើប្រាស់ប្រចាំ ថ្ងៃ បន្សល់ទុក ពីដូនតារបស់យើងនៅតាមមូលដ្ឋានភាគច្រើន បានបាត់បង់ជាបន្តបន្ទាប់។សិប្បកម្មតម្បាញប្រឈម នឹងការបាត់បង់ ដោយគ្មាន វត្ថុធាតុដើម និងពុំមានអ្នកបន្តវេន។ទម្រង់សិល្បៈ ភ្លេងអារក្ស មហោរី ក៏កំពុងប្រឈមបាត់បង់ ដោយ គ្មាន ការគាំទ្រនិងខ្វះទីផ្សារ។ គុណភាពនិងចំណេះដឹង ផ្នែកសិល្បៈតាមសមាគមនានានៅមានកម្រិតដោយការរៀនតៗគ្នាពុំមានគ្រូត្រឹមត្រូវ។ខ្លែងឯកខ្មែរក៏ ប្រឈមនឹងការបាត់បង់ ដែរដោយសារអ្នកជំនាញមាននៅតិចតួចនិងដោយសារជំនឿអវិជ្ជមានរបស់មហាជនចំពោះខ្លែងឯក ។ផ្ទុយទៅវិញខ្លែងឯក នាំមកនូវសេរីភាព សុភមង្គល។
ថ្លែងនារសៀលថ្ងៃសុក្រទី២៩ ខែមីនា លោក យុន លីនណេ អភិបាលរងខេត្ត បានលើក ឡើងថា ក្នុងនាមយើងទាំងអស់ គ្នាដែលជាអ្នកបន្តវេន ត្រូវបំពេញកាតព្វកិច្ចក្នុងការធានា ឱ្យ បាននូវសុខដុមភាពនៃវប្បធម៌ជាតិ តាមរយៈការយកចិត្តទុក ដាក់ថែរក្សា ការពារ និងអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ជំនាញ បច្ចេកទេស និង ទេពកោស ល្យ វប្បធម៌ដ៏សម្បូរបែបឱ្យបានដល់ សាធារណជន ពិសេសដល់ អ្នក ជំនាន់ក្រោយដែលជា អ្នកបន្តវេន។
ដោយ៖ ស៊ាន សុផាត








