អ៊ីស្រាអែល យល់ព្រមចរចាបទឈប់បាញ់ជុំថ្មីនៅតំបន់ហ្គាហ្សា
ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃសុក្រ បានសម្រេចបើកភ្លើងបៃតងសម្រាប់កិច្ចចរចាជុំថ្មី ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុម័តការចរចាបទឈប់បាញ់ជុំថ្មីនៅតំបន់ហ្គាហ្សា មួយថ្ងៃបន្ទាប់ពីស្ថាប័នកំពូលរបស់ពិភពលោក បានបញ្ជាឱ្យអ៊ីស្រាអែលធានាការផ្តល់ជំនួយទៅដល់ដៃជនស៊ីវិល ដែលអស់សង្ឃឹមក្នុងជីវិតរស់នៅ។
ការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានគូសបញ្ជាក់ថា កិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា និងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ ជាមួយនឹងគោលការណ៍ណែនាំឆ្ពោះទៅរកកិច្ចចរចាជាផ្លូវការ។
គួរបញ្ជាក់ថា សង្រ្គាមបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារលើអ៊ីស្រាអែល សម្លាប់មនុស្សប្រហែល ១,១៦០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាមួយគ្នានោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងបរទេសប្រហែល ២៥០នាក់ផងដែរ ប៉ុន្តែបានដោះលែងមនុស្សរាប់សិបនាក់ ក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា។
អ៊ីស្រាអែលបានបើកការវាយលុកសងសឹកប្រឆាំងនឹងក្រុមហាម៉ាសវិញ ដោយបានសម្លាប់មនុស្សចំនួន ៣២,៦២៣នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ។ ហើយអ៊ីស្រាអែលជឿជាក់ថា មនុស្សប្រហែល ១៣០ នាក់ទៀតនៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដោយ ៣៣នាក់ទំនងជាងបានស្លាប់ រួមទាំងទាហាន ៨នាក់ និងជនស៊ីវិល ២៥នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


