ឯកឧត្តម ហួត ហាក់ ៖ សកម្មភាព ក្រុមការងារស.ស.យ.ក. វិស័យអធិការកិច្ច នាពេលកន្លងមក បានចូលរួមអភិវឌ្ឍន៍សង្គមជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច មានប្រសាសន៍ថា សកម្មភាពរបស់ ក្រុមការងារស.ស.យ.ក. វិស័យអធិការកិច្ច នាពេលកន្លងមក គឺ ពិតជាបានឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់យុវជននៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និយាយជារួម និងនិយាយដោយឡែក ការចូលរួមរបស់យុវជននៅការអភិវឌ្ឍវិស័យអធិការកិច្ច នៅក្នុងបរិបទកំណែទម្រង់ និងបរិវត្តកម្មឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបានគាំទ្រនូវការដាក់ចេញនូវទិសដៅបន្តរបស់ក្រុមការងារ ស.ស.យ.ក.វិស័យអធិការកិច្ច និងដើម្បីជំរុញឱ្យយុវជន ជាសសរស្តម្ភ ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិមាតុភូមិ ជាកោសិកាសង្គមដ៏រស់រវើក និងជាកម្លាំងចលករក្នុងការចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ខាងលើនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអធិការកិច្ច កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។

ឯកឧត្តមរដ្ឋមន្រី្ត មានប្រសាសន៍ថា នេះជាលើកទី១ ដែល ឯកឧត្តម បានចូលរួមនៅក្នុងកិច្ចប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអធិការកិច្ច និងអបអរសាទរចំពោះលទ្ធផលការងារដែលស.ស.យ.ក. វិស័យអធិការកិច្ច សម្រេចបានគួរជាទីកត់សម្គាល់ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ស្របតាមផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពក្រុមការងារ ស.ស.យ.ក. វិស័យអធិការកិច្ច ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ធនធាន និងសម្ភារៈ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួនយ៉ាងសកម្មប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ បើទោះបីជាជួបបញ្ហាប្រឈមមួយចំនួនយ៉ាងណាក្តី។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានអាយុកាលប្រមាណ ៧ខែ ៦ថ្ងៃ មកហើយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាយុវជនបន្តវេនជំនាន់ក្រោយប្រកបដោយថាមពល ឆន្ទៈមោះមុត ក្លាហាន មានចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ និងប្រាកដនិយម បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា យុវជនក្នុងវិស័យអធិការកិច្ច នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះឱ្យកាន់តែក្លៀវក្លាបន្ថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលដែលជាយុវជនរបស់យើងគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រកម្ពុជា ក្នុងការថែរក្សា និងការពារសន្តិភាព ព្រមទាំងរួមសាមគ្គីគ្នាឆ្ពោះទៅការកសាងសង្គមជាតិកម្ពុជាមួយ ដែលពោរពេញដោយភាពសុខដុមរមនា វិបុលភាព និងកាលានុវត្តភាពនាពេលអនាគត ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner