ក្នុងនាមយុវជនបន្តវេនជំនាន់ក្រោយត្រូវបន្តថែរក្សាការពារសន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី និងប្តេជ្ញាកសាងពូនជ្រំសមិទ្ធផលថ្មីបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានលើកឡើងថា បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ដូចសព្វថ្ងៃនេះ។ ក្នុងន័យនេះ, ក្នុងនាមយុវជនបន្តវេនជំនាន់ក្រោយ យើងត្រូវចងចាំទុក គោរពដឹងគុណូបក្ការៈដ៏ធំធេងដែលឥស្សរជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកបក្សជំនាន់មុនបានបូជាសាច់ស្រស់ ឈាមស្រស់បន្សល់ទុកសម្រាប់យុវជនជំនាន់ក្រោយ, ដូច្នេះយើងត្រូវបន្តថែរក្សាការពារសន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងប្តេជ្ញាកសាងពូនជ្រំសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបុព្វហេតុគណបក្ស ជាតិ និងមាតុភូមិ។

ការលើកឡើងបែបនេះ របស់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ចឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ចសរុបចំនួន ១៨៨នាក់។

ឯកឧត្តមប្រធានគណកម្មាធិការក្រសួងអធិការកិច្ច មានប្រសាសន៍ថា មកដល់ថ្ងៃនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានអាយុកាលប្រមាណ ៧ខែ ៥ថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល ដើម្បីធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច មានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ និងការបេ្តជ្ញាចិត្តខ្ពស់ ក្រុមការងារយុវជនគណបក្សក្រសួងនឹងសម្រេចបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ជូនគណៈកម្មាធិការគណបក្សក្រសួង និងគណបក្សប្រជាជនកម្ពុជាទាំងមូល ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner