ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ គណបក្ស ជំរុញការអភិវឌ្ឍយុវជន ឱ្យក្លាយទៅជាមូលធនមនុស្សជំនាញ ប្រកបដោយថាមពល

(ភ្នំពេញ)៖ គណបក្សជំរុញការអភិវឌ្ឍយុវជនពីធនធានមនុស្សទូទៅ ឱ្យក្លាយទៅជាមូលធនមនុស្សជំនាញ ដែលប្រកបដោយថាមពល និងសក្តានុពល ។

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងារ របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ក្រសួង-ស្ថាប័ន ទាំង៤១ ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នាវិមាន៧មករា ។

ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន អំពីផែនការសកម្មភាពចំនួន ៥ របស់ផ្នែកជូនអង្គប្រជុំជ្រាបគឺ៖ ទី១. រៀបចំកិច្ចប្រជុំប្រចាំត្រីមាសពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារយុវជនក្រសួង-ស្ថាប័នទាំង៤១ ទី២. រៀបចំវគ្គអប់រំនយោបាយ ទី៣. រៀបចំបទឧទ្ទេសនាមអំពីនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទី៤. រៀបចំដំណើរទស្សនៈកិច្ចទីតាំងតំបន់ប្រវត្តិសាស្ត្រគណបក្ស ទី៥. រៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ។ ឯកឧត្តម ឃុត ចាន់ដារ៉ា បានបន្ថែមថា បន្តថែរក្សាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា និងរួមចំណែកកសាងសមិទ្ធផលថ្មីៗ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធិផល ស្នាដៃរបស់គណបក្សជូនដល់យុវជន សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្លែងថា ជាមួយការគាំទ្រនូវលទ្ធផលនៃកិច្ចពិភាក្សាដ៏ផុសផលនេះ ឯកឧត្តម បានដាក់ចេញ នូវទិសដៅមួយចំនួនសម្រាប់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នបន្តយកទៅអនុវត្ត ។

ឯកឧត្តមបណ្ឌិត បន្តថា សម្រាប់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នេះ សម្ដេចធិបតី បានដាក់ចេញនូវការធ្វើកំណែទម្រងថ្មី តាមក្រសួង-ស្ថាប័ន ដែលជាផ្នែកគាំទ្រ និងធ្វើឲ្យសម្រេចបាននូវគោលដៅកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដែលបញ្ហានេះ សូមយុវជនគណបក្សតាមក្រសួង-ស្ថាប័ន មានសាមគ្គីភាព ហើយចូលរួមទាំងអស់គ្នា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner