អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ផ្តោតលើគម្រោង ៣ប្រភេទ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ផ្តោតលើគម្រោង ៣ប្រភេទ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគលើវិស័យឧស្សាហកម្មនូវបច្ចេកវិទ្យាទំនើបថ្មី ក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលបានសហការរៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានសក្តានុពលខ្ពស់ជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ដោយខេត្តនេះ ស្ថិតនៅទីតាំងអំណោយផល, មានឆ្នេរសមុទ្រ ឆ្នេរខ្សាច់ និងកោះដ៏ស្រស់ស្អាត សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍, មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាអាទិ៍ កំពង់ផែសមុទ្រទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ និងផ្លូវល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញនាំចេញនាំចូល និងតភ្ជាប់ជាមួយតំបន់ សេដ្ឋកិច្ចពិសេសធំៗ មានលក្ខណៈសមស្របសម្រាប់វិនិយោគិនក្នុងការមកបណ្តាក់ទុន លើវិស័យដែលកំពុងមានសក្តានុពល និងតម្រូវការទីផ្សារខ្ពស់។
សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីសក្តានុពលនៃវិស័យឧស្សាហកម្ម របស់កម្ពុជា ពិសេសកត្តាអំណោយផល និងកាលានុវត្តភាពនៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្ត ព្រះសីហនុ ហើយក៏ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបតែបានប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” កាលពីខែមករាថ្មីៗនេះ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងកាទូតកម្ពុជា-ចិន បានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ១៩៥៨ គិតមកទល់ពេលនេះមានអាយុកាលជាង ៦៦ឆ្នាំហើយ។
ចំណងមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ បានចាក់ឫសគល់យ៉ាងរឹងមាំស្ទើរលើគ្រប់វិស័យ ព្រមទាំង បានបន្តវិវឌ្ឍរហូតឈានដល់កម្រិតកំពូលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានសម្រេចបង្កើតកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។ ផ្លែផ្កា នៃទំនាក់ទំនងដ៏ល្អប្រសើរនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់កើតចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគ្របដណ្តប់វិស័យជាច្រើន រាប់ចាប់តាំងពីវិស័យទេសចរណ៍ វប្បធម៌ សុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ជាដើម និងជាពិសេសនោះគឺការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលរដ្ឋាភិបាលចិនបានផ្តល់ការគាំទ្រកន្លងមកក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។
ឯកឧត្តម ជា វុទ្ធី បានបន្តថា ចំពោះខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់អនុវត្តចំពោះតម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ក្នុងឆ្នាំ២០២៤ ដែលទីតាំងនៅខេត្តព្រះសីហនុ ផ្តោតលើគម្រោង ៣ប្រភេទ គឺ (១) គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់តាំង និងចាប់ផ្តើមដំណើរការអនុវត្តនៅក្នុងឆ្នាំ២០២៤, (២) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមិនជាប់ពាក់ព័ន្ធនឹងអគារជាប់តាំង តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ និង (៣) ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមាន ស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។
គម្រោងទាំងនេះ អាចទទួលបានការលើកទឹកចិត្តមួយចំនួនដូចជា៖ ការលើកលែងពន្ធ និងថ្លៃសេវាសាធារណៈមួយចំនួន ព្រមទាំងការសម្រួលនីតិវិធី និងបែបបទនៃការស្នើសុំលិខិតអនុញ្ញាតមួយចំនួន ជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏មានបំណងក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលក្នុង ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការមេ ដើម្បីអនុវត្តកិច្ចការងារនេះ ៕
ដោយ ៖ វណ្ណលុក