មេបញ្ជាការសឹករងខេត្តកំពង់ធំ ៖ កងទ័ពគ្រប់រូបត្រូវតែទទួល ការហ្វឹកហ្វឺន ពង្រឹងកាយសម្បទារឹងមាំ
កំពង់ធំ៖ កងទ័ពគ្រប់រូប ត្រូវតែទទួលការហ្វឹកហ្វឺន ពង្រឹងកាយសម្បទារឹងមាំ នឹងត្រូវចេះស្ទាត់ជំនាញអំពីលំហាត់ របៀប របស់កងយោពលខេមរភូមិន្ទ ដើម្បីក្លាយទៅជា កងទ័ពដែលមានវិន័យ និងសេចក្តីថ្លៃថ្នូរ ស្របតាម ការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ ។នេះជាការបញ្ជាក់ របស់ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី ជូនដល់សិក្ខាកាម ដែលមកពីតាមបណ្ដាកងឯកភាព និង នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកាលពីសុក្រថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តថា ពេលនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងពេលវិលត្រឡប់ ទៅកាន់អង្គភាពវិញ ត្រូវបន្ត ត្រៀមខ្លួនចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ សប្បាយរីករាយ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ដែលនឹងចូលមកដល់ នៅពេលខាងមុខនេះ ហើយនិងត្រូវត្រៀមបម្រុងកម្លាំង មធ្យោបាយសម្ភារៈ គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិ ភាគទី៤ និងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្នុងការអន្តរាគមន៍ដោះ ស្រាយ សភាពការណ៍ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរងទទួលបន្ទុក ការងារហ្វឹកហ្វឺន បានឡើងរាយការណ៍អំពីផែនការហ្វឹកហ្វឺន បំប៉នលំហាត់របៀបរយៈពេលខ្លី ដែលមានសិក្ខាកាមចូលរួម ចំនួន១០៦នាក់ គ្រូយោធាចារ្យ ចំនួន៣នាក់ និងអ្នកគ្រប់គ្រង ចំនួន៣នាក់ ។សរុបចំនួន១១២នាក់ ដែលមានរយៈ ពេល ហ្វឹកហ្វឺន ៧ថ្ងៃ។ជាលទ្ធផលនៃការហ្វឹកហ្វឺន របស់សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺន បំប៉នពាក់កណ្ដាលរៀបរយនេះ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទី មោទនៈ ៕
ដោយ៖ ប៊ុន រដ្ឋា