មនុស្សយន្តចាប់ផ្តើមជ្រៀតចូលទីផ្សារការងារនៅកម្ពុជា

ភ្នំពេញ៖ មនុស្សយន្តដែលធ្លាប់ជាបំណែកនៃរឿងប្រឌិតបែបវិទ្យាសាស្ត្រ ឥឡូវនេះបានឈានជើងចូលក្នុងទីផ្សារការងារនៅប្រទេសកម្ពុជាហើយ។រលកបច្ចេកវិទ្យានេះមិនត្រឹមតែកំពុងនាំកម្ពុជាឆ្ពោះទៅរកអនាគតនៃស្វ័យប្រវត្តិកម្មក្នុងឧស្សាហកម្ម និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមនៃប្រទេសនេះនាពេលខាងមុខទៀតផង។
នៅរាជធានីភ្នំពេញ ភោជនីយដ្ឋាន Lao Bao Hot Pot ឈរជាសក្ខីភាពនៃការផ្លាស់ប្តូរនេះ។នៅហាងនេះ ម៉ាស៊ីនជញ្ជូនអាហារ ឬ រ៉ូបូត ដែលមានឈ្មោះថា 花生 ឬ បកជាខ្មែរថា ”សណ្តែកដី” ចំនួនបីគ្រឿង បានចេញបម្រើភ្ញៀវជាមួយនឹងភាពរហ័សរហួន ដែលធ្វើឱ្យពួកវាក្លាយជាចំណុចលេចធ្លោ ផ្តល់នូវបទពិសោធន៍ថ្មីនៃការទទួលទានអាហារ។
រ៉ូបូតនេះត្រូវបានបំពាក់ដោយបញ្ញាសិប្បនិម្មិតឬ AI កាមេរ៉ា ដែលអាចឱ្យវាចាប់សញ្ញា និងផ្លាស់ទីបាន។ វាថែមទាំងមានសមត្ថភាពគេចពីឧបសគ្គដូចជា កៅអី តុ និងសូម្បីតែមនុស្សទៀតផង។វាអាចជញ្ជូនអាហារទៅដល់តុភ្ញៀវ យ៉ាងរហ័ស និងមានប្រសិទ្ធភាព។ នៅពេលទៅដល់គោលដៅ អ្នកទទួលទានអាហារអាចយកអាហារពីធ្នើររបស់រ៉ូបូត និងអាចបញ្ជាទិញដោយផ្ទាល់អេក្រង់អេឡិចត្រូនិករបស់ម៉ាស៊ីនឆ្លាតវៃនេះផងដែរ។
អ្នកស្រី សុខ ខេង អ្នកគ្រប់គ្រងរបស់ភោជនីយដ្ឋាន Lao Bao Hot Pot បានប្រាប់ទូរទស្សន៍អប្សរាថា រ៉ូបូតនេះអាចធ្វើការតាមការបញ្ជាដោយគ្មានកំហុស។ បើធៀបនឹងមនុស្ស រ៉ូបូតអាចជួយសម្រួលការងារបានច្រើន និង មិនចាំបាច់ចំណាយទៅលើប្រាក់ខែ។ យ៉ាងណាក៏ដោយ មនុស្សយន្តក៏ត្រូវការការសហការពីមនុស្សពិតផងដែរ។
លោកស្រី បានបញ្ជាក់ថា«ការប្រើប្រាស់មនុស្សយន្តក៏អាចកាត់បន្ថយបានខ្លះដែរ។ ដូចជាយើងអាចដាក់បន្លែសាច់នៅលើមនុស្សយន្តហ្នឹង ដើម្បីដឹកជញ្ចូនទៅដល់ភ្ញៀវបានរហ័សទាន់ចិត្ត។ ប៉ុន្តែក៏នៅតែត្រូវការមនុស្សជួយជាកម្លាំងដែរ ព្រោះបើអត់មានជាមនុស្សទេ គាត់ក៏មិនអាចលើកបន្លែសាច់នេះដាក់នៅលើថ្នាក់ៗនេះ បានដែរ»។
ដោយឃើញពីប្រសិទ្ធិភាពការងារ Lao Bao Hot Pot គ្រោងនឹងបន្ថែមរ៉ូបូតនេះនៅគ្រប់សាខារបស់ខ្លួននៅក្រុងភ្នំពេញ។ យោងតាមគេហទំព័រលក់ទំនិញអនឡាញ អាលីបាបា រ៉ូបូតបម្រើសេវាកម្មក្នុងហាងអាហារដែលផលិតនៅប្រទេសចិនមានតម្លៃចន្លោះពី ៣០០០ ដុល្លារទៅ ៦០០០ ដុល្លារអាមេរិក អាស្រ័យទៅតាមបច្ចេកវិទ្យាដែលបំពាក់ក្នុងខួរក្បាលរបស់វា។
ក្រៅពីប្រើរ៉ូបបូតជញ្ជូនអាហារ ថ្មីៗនេះ ក្រុមហ៊ុនបង្កើតផលិតផលបច្ចេកវិទ្យា AI Farm ក៏បានណែនាំមនុស្សយន្តទំនើបចូលមកទីផ្សារកម្ពុជាផងដែរ។ មនុស្សយន្តនេះ ជំនាញឆុងកាហ្វេ និងចម្អិតអាហារ ជាមួយនឹងភាពច្បាស់លាស់ ដែលមានសក្តានុពលក្នុងការប្រកួតប្រជែងជាមួយចុងភៅអាជីព។ លោក ទេព សុវិជ្ជា ប្រធានក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យារ៉ូបូតនៃក្រុមហ៊ុន AI Farm លើកឡើងថា មនុស្សយន្តក៏អាចជួយសហគ្រាសធនតូចនិងធម្យម និងអាចធ្វើការងាដែលគ្រោះថ្នាក់ជំនួសមនុស្ស។
គួរសម្គាល់ថា នៅអាស៊ី ជប៉ុនជាប្រទេសដែលប្រើប្រាស់មនុស្សយន្តច្រើនជាងនៅលើពិភពលោក បន្ទាប់មកប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។ នេះបើយោងតាមស្ថិតិរបស់សហព័ន្ធមនុស្សយន្តអន្តរជាតិ (IFR)។ ពួកវាត្រូវបានគេប្រើប្រាស់ច្រើនបំផុតនៅក្នុងឧស្សាហកម្មផលិតរថយន្ត វិស័យម្ហូបអាហារ និងសុខាភិបាល។
ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាកវិជ្ជាជីវៈ បានប្រាប់ទូរទស្សន៍អប្សរាថា មិនយូរទេ ការប្រើប្រាស់មនុស្សយន្តនឹងកាន់តែពេញនិយមនៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា៖«យើងសង្ឃឹមថា ទៅថ្ងៃមុខ កម្ពុជា នឹងក្លាយទៅជាប្រទេសមួយដែលមានបច្ចេកវិទ្យារីកចម្រើន ហើយយើងសង្ឃឹមថា យើងអាចប្រើប្រាស់មនុស្ស ឬក៏AI ឱ្យបានទូលំទូលាយនៅតាមរោងចក្រសហគ្រាស ក៏ដូចជាវិស័យផ្សេងៗធ្វើយ៉ាងណាឱ្យដំណើរការផលិតកម្មរបស់យើងកាន់តែរីកចម្រើនថែមទៀត។ សូមលើកទឹកចិត្តយុវជនខំរៀនសូត្រ និងស្រាវជ្រាវដើម្បីផលិតមនុស្សយន្ត និងគ្រឿងយន្តផ្សេងៗ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងប្រកួតប្រជែងជាមួយប្រទេសជឿនលឿនលើសកលលោក»។
ស្របពេលមានការព្រួយបារម្ភអំពីការបាត់បង់ការងារដោយសារមនុស្សយន្ត លោក កត្តា អ៊ន លើកឡើងថា ការប្រើមនុស្សយន្តជំនួសកម្លាំងពលកម្មមួយចំនួនរបស់មនុស្ស ប៉ុន្តែ មនុស្សនៅតែមានការងារធ្វើពីលើ ឬជាអ្នកបញ្ជាមនុស្សយន្តដដែល។ ដូច្នេះ លោកយល់ថា មនុស្សត្រូវតែពង្រឹងចំណេះដឹងដើម្បីធ្វើការឲ្យកាន់តែមានប្រសិទ្ធិភាព៕
ដោយ៖ឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner