មជ្ឈមណ្ឌលឌីជីថលចល័តលើឡានក្រុងដំបូងបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការហើយ!
ភ្នំពេញ៖មិនមែនជាឡានក្រុងធម្មតា តែជារថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត និងអ៊ីនធឺណិតល្បឿនលឿន ដែលអាចផ្តល់ការអប់រំតាមប្រព័ន្ធទំនើប ដោយផ្ទាល់ទៅកាន់សហគមន៍ទាំងក្នុងក្រុង និងតំបន់ជនបទ។ នេះគឺ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចល័តដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដែលទើបដាក់ឲ្យដំណើរការ។
បម្លែងពីឡាន៤៥កៅអ្ហី មជ្ឈមណ្ឌលដែលអាចផ្លាស់ទីបានគ្រប់ទិសទីនេះមានឧបករណ៍ជំនួយការសិក្សាពេញលេញ រួមទាំងកុំព្យូទ័រ កន្លែងអានសៀវភៅ តុ កៅអី និងក្តារខៀន ដែលបង្កើតបរិយាកាសស្រស់ស្រាយសម្រាប់ការស្វែងរកចំណេះដឹងថ្មី។ នេះជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការគាំទ្រពី រដ្ឋាភិបាលកូរ៉េខាងត្បូង។
លោក ឆាយ សារ៉ាត មន្រ្តីទំនាក់ទំនងសាធារណៈមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល កម្ពុជា-កូរ៉េ នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រាប់ទូរទស្សន៍អប្សរាថា ជាជំហានដំបូងរថយន្តចល័ត ដែលបំពាក់ច្ចេកវិទ្យាឌីជីថលនេះ នឹងធ្វើដំណើរទៅតាមសហគមន៍នានានៅក្នុងខេត្តតាកែវដើម្បីបណ្តុះបណ្តាលសិស្ស និស្សិត និងសាធារណជនដោយឥតគិតថ្លៃ។ ខេត្តនេះគឺជាគោលដៅដំបូងដែលក្រសួងកំណត់យកដើម្បី បន្ថយគម្លាតឌីជីថលរវាងអ្នករស់នៅជនបទនិងទីប្រជុំជន ។
« គោលដៅបង្កើតមជ្ឈមណ្ឌលមានទាំងការិយាល័យ និងរថយន្តចល័តដោយសារតែយើងឃើញថាប្រជាពលរដ្ឋនៅមានការយល់ដឹងឌីជីថលនៅទាប ចឹងគោលដៅសំខាន់ចង់កម្រិតគម្លាតឌីជីថល ដោយសារប្រជាពលរដ្ឋយើងពេលបច្ចុប្បន្នមានតែ ៣០ភាគរយដែលមានចំណេះដឹងមូលដ្ឋានទៅលើអក្ខរកម្មឌីជីថល ចឹងយើងចង់ឲ្យមានជាមានការកាត់បន្ថយគម្លាតឌីជីថលនៅតាមជនបទ និង ទីក្រុង »។
ក្រៅពីមណ្ឌលចល័តតាមឡានក្រុង ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក៏បានបង្កើតមជ្ឈមណ្ឌលច្ចេកវិទ្យាឌីជីថលកម្ពុជា-កូរ៉េ ឬ IAC ដែលមានទីតាំងនៅទីស្តីការក្រសួងផ្ទាល់ ហើយកំពុងបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ នៅទូទាំងប្រទេស។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា មជ្ឈមណ្ឌល IAC នេះ ផ្តល់ការបណ្តុះបណ្តាលផ្នែក អភិវឌ្ឍន៍ software) ដោយអ្នកជំនាញមកពីប្រទេសកូរ៉េ។ លើសពីនេះ មជ្ឈមណ្ឌលក៏មានផ្តល់ទីប្រឹក្សាដល់និស្សិត និងសហគ្រិនដោយឥតគិតកម្រៃលើ ការចាប់ផ្តើមធុរកិច្ចបច្ចេកវិទ្យាព័ត៌មាន(IT) ។ តាមរយៈមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចល័ត និងអចល័តទាំងនេះ ឯកឧត្តម ជឿថា កម្ពុជាឈានឆ្ពោះទៅកាន់សង្គមឌីជីថលមួយដែលប្រជាពលរដ្ឋអាចចូលរួមចំណែកយ៉ាងសកម្ម៕
ដោយ៖សែន ដាវិត