បារីអេឡិចត្រូនិកវាយលុកសិស្សានុសិស្សនៅភ្នំពេញ

ភ្នំពេញ៖បារីអេឡិចត្រូនិកកំពុងវាយលុកក្នុងចំណោមសិស្សានុសិស្សជាច្រើននៅរាជធានីភ្នំពេញ។ គណៈគ្រប់គ្រងសាលាមធ្យមសិក្សានានានៅទូទាំងទីក្រុង បានរាយការណ៍ពីបញ្ហាសិស្សប្រើប្រាស់ឬជក់បារីអេឡិចត្រូនិក បើទោះជាមានការអប់រំ និងដាស់តឿន។
ក្នុងជំនួបកាលពីថ្ងៃពុធដើម្បីផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវស្ដីពីការបង្ការទប់ស្កាត់ហានិភ័យផ្នែកសុខភាពសិក្សា បង្កដោយការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន តំណាងសាលារៀនចំនួន៦៥នាក់ ពោលគឺ ១០០ភាគរយនៃសមាជិកគណៈគ្រប់គ្រងមធ្យមសិក្សាទាំងអស់នៅភ្នំពេញ សុទ្ធតែបានលើកឡើងពីការរីករាលដាលនៃការចែកចាយបារីអេឡិកត្រូនិចក្នុងចំណោមយុវជនជាសិស្ស។ ពួកគេ បង្ហាញក្តីបារម្ភ អំពីផលវិបាក និងគ្រោះថ្នាក់ដែលសិស្សកំពុងប្រឈម។
លោក កែម សុកែវ នាយករងវិទ្យាល័យពងទឹក បានទម្លាយថា នៅដើមឆ្នាំ២០២៤នេះ មានការកើនឡើងនៃចំនួនសិស្សប្រើប្រាស់បារីអេឡិចត្រូនិកនៅសាលារបស់លោក ដោយសិស្សយល់ច្រឡំថា ការប្រើប្រាស់បារីអេឡិចត្រូនិក ជាភាពស្អាត សង្ហា ឬគិតថា បារីអេឡិចត្រូនិក ជាឧបករណ៍ផ្ដាច់បារី។ លោក សុកែវ បន្តថា កន្លងមកសាលាក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកនោះដែរ ប៉ុន្តែសិស្សានុសិស្សដែលប្រើប្រាស់មិនព្រមឈប់ ហើយលួចប្រើប្រាស់ក្នុងបន្ទប់ទឹកតាមសាលា ។
ដោយឡែកលោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្រ្ទទេវី ក៏បានលើកឡើងពីបញ្ហាស្រដៀងគ្នាដែរ ហើយថា សាលា បានអញ្ជើញឪពុកម្តាយសិស្សមកណែនាំ និងធ្វើកិច្ចសន្យាឈប់ជក់បារី ។
តាមការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងឆ្នាំ២០២៣ ក្នុងចំណោមយុវជនចំនួន ១ ៣១៧នាក់ បានបង្ហាញថា ៨២ភាគរយ នៃអ្នកចូលរួមសម្ភាសន៍បានប្រាប់ថា ពួកគេធ្លាប់ឃើញគេជក់បារីអេឡិចត្រូនិក។ ក្នុងចំណោមអ្នកសម្ភាសន៍ទាំងអស់ មាន៤០ភាគរយបានឆ្លើយថា មិត្តភក្តិរបស់ពួកគេជាអ្នកជក់បារីអេឡិចត្រូនិកផ្ទាល់ ហើយភាគច្រើននៃមិត្តភក្តិរបស់ពួកគេមានមុខរបរជាសិស្សនិស្សិត។ ភាគច្រើនលើសលប់នៃមិត្តភក្តិដែលបានប្រើប្រាស់បារីអេឡិចត្រូនិកមាន អាយុចន្លោះពី១៥ឆ្នាំ ទៅ ២៩ឆ្នាំ។
ឧត្តមសេនី៍យ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលស្គាល់អំពីបញ្ហានេះ ។ លោកថា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀមដាក់ឱ្យដំណើរការនូវប្រព័ន្ធរាយការណ៍បន្ទាន់ដើម្បីចូលរួមដោះស្រាយបញ្ហានេះឱ្យទាន់ពេលវេលា ហើយនឹងសិក្សាបន្ថែមទៀត ដើម្បីដាក់ចេញគោលការណ៍បន្ថែមឱ្យមានទៅក្នុងច្បាប់។
លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងសុខភាពសិក្សាបានបញ្ជាក់ថា គណៈគ្រប់គ្រងសាលារៀនស្នើដល់រដ្ឋាភិបាលកំណត់ចេញនូវច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តហាមឃាត់ ព្រមាន ឬដាក់ពិន័យ ចំពោះការលក់ដូរ ចរាចរណ៍ ប្រើប្រាស់បារីអេឡិចត្រូវនិចឱ្យបានតឹងរឹង, បង្កើនការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់បារីអេឡិចត្រូនិចឱ្យដល់សហគមន៍ និងពង្រឹងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ អនុវត្តច្បាប់របស់រដ្ឋអំណាចមូលដ្ឋាន ដើម្បីឲ្យសិស្សអាចឆ្លើយតបទៅនឹងគោលដៅនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត ដោយវាមានផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងការលូតលាស់រាងកាយរបស់កុមារផងដែរ ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង៕
ដោយ៖ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner