លាគ្នាជាលើកចុងក្រោយ៖ កាសែតភ្នំពេញប៉ុស្តិ៍បញ្ចប់ជីវិតបោះពុម្ពផ្សាយនៅថ្ងៃនេះ
ភ្នំពេញ៖ព្រះអាទិត្យចាប់ផ្តើមលិច អវសាននៃការបោះពុម្ពផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍បានមកដល់។ ថ្ងៃនេះ(២៩ខែមីនា)ជាថ្ងៃចុងក្រោយនៃជីវិតរបស់កាសែតដែលធ្លាប់បានផ្សាយព័ត៌មានយ៉ាងសកម្មអស់រយៈពេលជាង៣ទសវត្សរ៍ កន្លងទៅ។
ត្រូវបានបង្កើតឡើងកាលពី៣២ ឆ្នាំមុន កាសែតភ្នំពេញប៉ុស្តិ៍បានក្លាយជាមូលដ្ឋានគ្រឹះមួយនៃវិស័យសារព័ត៌មានរបស់កម្ពុជា ដែលធ្លាប់ទទួលបានការគំាទ្រពីអ្នកអានយ៉ាងទូលំទូលាយ រួមទាំងមន្ត្រីរដ្ឋាភិបាល និងប្រជាជនទូទៅផងដែរ។ ការបិទការបោះពុម្ពផ្សាយនាពេលនេះបង្ហាញពីការបាត់បង់អ្នកសង្កេតការណ៍ដ៏សំខាន់មួយ និងជាអ្នករាយការណ៍នៅគ្រប់គ្រាដែលកម្ពុជា បានឆ្លងកាត់មិនថា ជាស្ថានការប្រវត្តិសាស្ត្រ នយោបាយ និងការផ្លាស់ប្តូរសង្គម។
លោក ម៉ៃ គុណមករា អ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច ដែលបានបម្រើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍ចំនួន ១៦ឆ្នាំ ឱ្យដឹងថា កាសែតភ្នំពេញប៉ុស្តិ៍បានចងក្រងនូវតឹកតាងប្រវត្តិសាស្រ្តស្រុកខ្មែរដ៏សម្បូរបែប។ ហាក់ពិបាកថ្លែងពីអារម្មណ៍ពិតចេញពីបេះដូង លោកមករា អាចត្រឹមអរគុណថ្នាក់ដឹកនាំដែលបានពុះពារគ្រប់ឧបសគ្គក្នុងការបន្តនិរន្តរភាពជាច្រើនឆ្នាំកន្លងមក រហូតដល់ថ្ងៃបិទបញ្ចប់នៅថ្ងៃសុក្រនេះ។
ការបិទការបោះពុម្ពកាសែតភ្នំពេញប៉ុស្តិ៍គឺឆ្លុះបញ្ចាំងពីនិន្នាការដែលបណ្តាញផ្សព្វផ្សាយបែបប្រពៃណីកំពុងប្រឈមមុខនឹងឥទ្ធិពលបដិវត្តន៍ឌីជីថលដែលបង្ខំឱ្យការបោះផ្សាយខ្ទាតចេញម្តងមួយៗ។ ជាក់ស្តែងកាលពីខែធ្នូ ឆ្នាំ២០២៣ កាសែតរស្មីកម្ពុជាដ៏ចំណាស់ក៏បានបានបិទផ្សាយទាំងស្រុងដោយសារតែវិបត្តិហិរញ្ញវត្ថុ។ យ៉ាងណាក៏ដោយ ភ្នំពេញប៉ុស្តិ៍នឹងបន្តបេសសកម្មក្នុងពិភពសារព័ត៌មានឌីជីថល។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានសម្គាល់ថា ការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធផ្សព្វផ្សាយឌីជីថលមិនមែនគ្រាន់តែជាការវិវត្តនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជានិន្នាការសកល។លោកនិយាយថា និន្នាការនៃការអានបច្ចុប្បន្នមនុស្សគ្រប់វ័យទាំងអស់មានទំនោរទៅលើប្រព័ន្ធឌីជីថល ដោយការព្រីនបោះពុម្ពនៅមានដែរតែកម្រិតទាប ខណៈដែលបច្ចុប្បន្ន មានកាសែតមិនច្រើនទេដែលនៅបោះពុម្ភផ្សាយ ដូចជា កាសែតខ្មែរថាម៍ កោះសន្តិភាព និងនគរធំ ជាដើម៕
ទិន្នន័យពីក្រសួងព័ត៌មានបង្ហាញថា កម្ពុជា មានអ្នកសារព័ត៌មានសរុបជាង ១ម៉ឺននាក់ និងមានសារព័ត៌មានអនឡាញជិត ១០០០ស្ថាបន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន៕
ដោយ៖ទួន សុផល