វិស្វករខ្មែរបង្កើតរ៉ូបូត និងដ្រូនជាង២០ប្រភេទ គាំទ្រវិស័យអប់រំ
ភ្នំពេញ៖ វិស្វករមួយក្រុមដែលសុទ្ធតែជាកូនខ្មែរបានផលិតមនុស្សយន្ត ឬ រ៉ូបូត រហូតដល់ទៅ២០ប្រភេទ និងយន្តហោះគ្មានមនុស្សបើកឬ ឌ្រូន ចំនួន២ប្រភេទ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីលើកកម្ពស់ស្តង់ដាសិក្សានៅកម្ពុជា។ ក្នុងចំណោមផលិតផលទាំងអស់នេះ មានរ៉ូបូតចំនួន៨ប្រភេទដែលកំពុងត្រូវបានប្រើប្រាស់ក្នុងវិស័យអប់រំ។
ផ្តួចផ្តើមការផលិតដោយក្រុមហ៊ុន AI farm Robotic រ៉ូបូត និងឌ្រូនទាំងនេះផ្តល់ជំនួយដល់ការសិក្សាបែប STEM ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
ជាក់ស្តែង រ៉ូបូត ALGOBOT អាចកំណត់អត្តសញ្ញាណតាមរយៈការចាប់ពណ៌។ ក្នុងការសិក្សា វាផ្តល់នូវការយល់ដឹងជាក់ស្តែងអំពីដំណើរការរបស់បញ្ញាសិប្បនិម្មិតឬ AI និងរបៀបដែលម៉ាស៊ីននេះធ្វើអន្តរកម្មជាមួយរបស់ជុំវិញខ្លួន ដែលជួយសិស្សគិតស៊ីជម្រៅ និងបង្កើនលទ្ធភាពដោះស្រាយបញ្ហា។
រីឯ មនុស្សយន្ត Mini-Dynamo One មានរូបរាងដូចទៅនឹងសត្វជើងបួន ឬប្រហាក់ប្រហែលនឹងសត្វសុនខ(ឆ្កែ)។ វាអាចធ្វើត្រាប់តាមចលនាជាច្រើនដែលសត្វពិតប្រាកដអាចធ្វើ ដូចជា ដើរ បង្វិលខ្លួន ជាដើម ដែលជួយដល់ការសិក្សាផ្នែករូបវិទ្យា និងវិស្វកម្ម។ អ្នកប្រើប្រាស់អាចគ្រប់គ្រងមនុស្សយន្តនេះតាមរយៈទូរស័ព្ទដៃ។
ចំណែកមនុស្សយន្ត Humanoid4 វិញមានរូបរាងនិងចលនាដូចក្មេងកំពុងរៀនដើរ។ នាពេលអនាគត មនុស្សយន្តប្រភេទនេះអាចជួយការងារប្រចាំថ្ងៃបាន។ តម្លៃនៃរ៉ូបូតនេះអាស្រ័យទៅលើកម្មវិធី និងសមត្ថភាពដែលអតិថិជនត្រូវការ។
លោក ឡុង គឹមឃន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន AI Farm Robotics បានប្រាប់ទូរទស្សន៍អប្សរាថា ការរួមបញ្ចូលបច្ចេកវិទ្យាដូចជាមនុស្សយន្តទាំងនេះទៅក្នុងការអប់រំ មិនត្រឹមតែបង្កើនបទពិសោធន៍ និងលទ្ធផលសិក្សា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យសិស្សនូវជំនាញ ភាពច្នៃប្រឌិត និងទស្សនវិស័យដែលត្រូវការដើម្បីត្រៀមខ្លួនសម្រាប់កម្លាំងការងារក្នុងបរិបទឧស្សាហកម្ម 4.0 ផងដែរ។
ក្រៅពីបម្រើដល់វិស័យអប់រំ ក្រុមហ៊ុនផលិតមនុស្សយន្តទំនើបនេះ ក៏មានគម្រោងផលិតរ៉ូបូត និងឌ្រូនដើម្បីជួយដល់វិស័យកសិកម្ម និងសន្តិសុខសង្គមផងដែរ។ លោក គឹមឃន មានមហិច្ឆិតាប្រែក្លាយក្រុមហ៊ុនរបស់លោកទៅជា រោងចក្ររ៉ូបូតឈានមុខគេនៅអាស៊ីត្រឹមឆ្នាំ២០៥០។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកផលិតផលរបស់ក្រុមហ៊ុន AI Farm ថាជាជំពូកថ្មីនៃដំណើរបច្ចេកវិទ្យារបស់កម្ពុជា និងជាការរួមចំណែកនាំឱ្យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕
ដោយ៖ឡុង គីមម៉ារីតា