ផ្ទុះឆេះឃ្លាំងគ្រាប់រំសេវយោធាឥណ្ឌូនេស៊ី
ហ្សាការតា៖ មន្ត្រីឥណ្ឌូនេស៊ីម្នាក់ នៅថ្ងៃអាទិត្យនេះ រាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យអាចពន្លត់ភ្លើង ដែលឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវយោធាមួយកន្លែង នៅខាងក្រៅរដ្ឋធានីហ្សារកាតា បានទាំងស្រុងហើយ បន្ទាប់ពីកើតមានករណីផ្ទុះជាបន្តបន្ទាប់។
ហេតុការណ៍ផ្ទុះឆេះឃ្លាំងស្តុកគ្រាប់រំសេវយោធាឥណ្ឌូនេស៊ីលើកដំបូងត្រូវបានគេឮនៅម៉ោងប្រហែល ៦៖០០ល្ងាចថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) នៅឯឃ្លាំងស្តុកគ្រាប់រំសេវដែលផុតអាយុកាល ក្នុងបញ្ជាការដ្ឋានយោធាតំបន់ Jayakarta របស់កងវរសេនាតូចកាំភ្លើងធំ Medan 7/155 GS។
រថយន្តពន្លត់អគ្គិភ័យចំនួន ២៧គ្រឿងត្រូវបានដាក់ពង្រាយនៅឯទីតាំងកើតហេតុ ហើយរថយន្តពន្លត់អគ្គិភ័យបានគ្រប់គ្រងអគ្គិភ័យទាំងស្រុង នៅវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺថ្ងៃអាទិត្យនេះ។
ហេតុការណ៍ផ្ទុះដ៏ធំមិនធ្លាប់មាននៅឥណ្ឌនេស៊ីនេះ ត្រូវបានគេសង្ស័យបឋមថា គឺការផ្ទុះចេញពីឃ្លាំងអាវុធ ឬគ្រាប់រំសេវ ដែលកម្ទេចយុទ្ធភណ្ឌជាច្រើន ត្រូវបានរកឃើញរាយប៉ាយនៅតាមផ្លូវ និងលំនៅដ្ឋាននៅក្បែរនោះ។
ប្រមុខយោធាទីក្រុងហ្សាការតា លោក Mohamad Hasan បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានផ្សាយតាមកញ្ចក់ទូរទស្សន៍ថា យើងអាចបញ្ជាក់បានថា ភ្លើងបានរលត់ហើយ… សូមអរគុណព្រះ រហូតមកទល់ពេលនេះ មិនមានអ្នកស្លាប់ ឬរងរបួសទេ។
លោក Hasan បន្ថែមថា អាជ្ញាធរបានជម្លៀសអ្នកស្រុកនៅក្បែរនោះ ទៅកាន់តំបន់មានសុវត្ថិភាព ខណៈដែលភ្លើងបានឆាបឆេះទីតាំងស្តុកទុកគ្រាប់រំសេវ ប៉ុន្តែឥឡូវនេះ មនុស្សភាគច្រើនបានវិលត្រឡប់ទៅផ្ទះវិញហើយ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា