បារាំងផ្តល់ជំនួយរថពាសដែក និងមីស៊ីលដល់អ៊ុយក្រែន
ប៉ារីស៖ ប្រមុខការពារជាតិបារាំង នៅថ្ងៃសៅរ៍ ថ្លែងថា ទីក្រុងប៉ារីសនឹងផ្តល់រថពាសដែករាប់រយគ្រឿង និងមីស៊ីលប្រឆាំងយន្តហោះដល់ទីក្រុងគៀវ ដែលនេះជាផ្នែកមួយនៃកញ្ចប់ជំនួយថ្មីដល់អ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានប្រាប់កាសែត La Tribune ក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃសៅរ៍ថា ដើម្បីពង្រឹងសមត្ថភាពនៅសមរភូមិជួរមុខ កងទ័ពអ៊ុយក្រែនត្រូវការរថពាសដែក VAB របស់យើង ព្រោះវាពិតជាចាំបាច់ណាស់សម្រាប់ការចល័តទ័ព។
បច្ចុប្បន្នប្រទេសបារាំងកំពុងបញ្ឈប់រថពាសដែក VAB របស់ខ្លួន ដែលខ្លះមានអាយុកាលជាង ៤០ឆ្នាំ ដើម្បីជំនួសដោយរថពាសដែក Griffon ថ្មី ប៉ុន្តែលោក Lecornu បាននិយាយថា ម៉ូដែលចាស់ៗគឺនៅតែដំណើរការ។ លោក Lecornu បានគូសបញ្ជាក់ថា យើងកំពុងនិយាយអំពីការផ្តល់រថពាសដែករាប់រយគ្រឿងដល់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ។
យើងក៏កំពុងអភិវឌ្ឍគ្រាប់បែក ដើម្បីបញ្ជូនពួកវាទៅអ៊ុយក្រែនចាប់ពីរដូវក្តៅនេះ។ បន្ថែមលើនេះ បារាំងក៏នឹងផ្គត់ផ្គង់មីស៊ីលប្រឆាំងយន្តហោះ Aster ចំនួន ៣០គ្រាប់បន្ថែមទៀត សម្រាប់ប្រព័ន្ធការពារដែនអាកាស SAMP/T ដែលស្រដៀងទៅនឹងប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
បច្ចុប្បន្នរដ្ឋាភិបាលបារាំងកំពុងជំរុញក្រុមហ៊ុនការពារជាតិ ឱ្យបង្កើនការផលិតសម្ភារៈយោធា ដើម្បីបំពេញតម្រូវការរបស់កងទ័ពខ្លួន រួមទាំងការគាំទ្រដល់អ៊ុយក្រែន នៅក្នុងសង្គ្រាមជាងពីរឆ្នាំជាមួយរុស្ស៊ី។
ទីក្រុងគៀវក៏បានព្រមានដែរថា ស្តុកអាវុធរបស់ខ្លួនកាន់តែមានកម្រិតទាប ហើយបានអំពាវនាវយ៉ាងទទូចឱ្យសហរដ្ឋអាមេរិក ឆាប់បញ្ចប់ការប្រឈមមុខផ្នែកនយោបាយ ដែលបានបង្កកកញ្ចប់ជំនួយថ្មីចំនួន ៦០ពាន់លានដុល្លារដល់អ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា