ក្រុមហាម៉ាស់និយាយថា មិនទាន់សម្រេចចិត្តបញ្ជូនគណៈប្រតិភូទៅចរចាលើបទឈប់បាញ់ថ្មីទេ
ប៉ាឡេស្ទីន៖ មន្ត្រីក្រុមហាម៉ាស់បានប្រាប់សារព័ត៌មានបារាំង AFP នៅថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅមិនទាន់សម្រេចចិត្តថាតើត្រូវបញ្ជូនគណៈប្រតិភូទៅចរចាជុំថ្មី ពាក់ព័ន្ធនឹងបទឈប់បាញ់ ក៏ដូចជាការពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំងនៅឡើយទេ។
មន្ត្រីម្នាក់របស់ក្រុមហាម៉ាស់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AFP ថា ក្រុមហាម៉ាស់នៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ទាក់ទងនឹងការបញ្ជូនគណៈប្រតិភូហាម៉ាសទៅចរចាបទឈប់បាញ់ជុំថ្មីនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ឬទីក្រុងដូហា ប្រទេសកាតា។
ការអះអាងបែបនេះរបស់ក្រុមហាម៉ាស់ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុម័តការចរចាបទឈប់បាញ់ជុំថ្មីនៅតំបន់ហ្គាហ្សា នៅទីក្រុងដូហា និងទីក្រុងគែរ ដែលការិយាល័យរបស់លោកបានជូនដំណឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីការចរចាបានជាប់គាំង។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា គិតមកដល់ពេលនេះ ចំនួនជនជាតិប៉ាឡេស្ទីនបាត់បង់ជីវិតបានកើនដល់ ៣២,៧៨២នាក់ ក្នុងការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ សង្គ្រាមដ៏បង្ហួរឈាមនេះ ផ្ទុះឡើងក្រោយក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយលុកមិនធ្លាប់មានលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងចាប់មនុស្ស ២៥៣នាក់ធ្វើជាចំណាប់ខ្មាំង។
ភាគីទាំងពីរបានបង្កើនការចរចា ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប លើបទឈប់បាញ់រយៈពេល៦សប្តាហ៍ ជាថ្នូរនឹងការស្នើសុំដោះលែងចំណាប់ខ្មាំងចំនួន ៤០នាក់ ក្នុងចំណោមចំណាប់ខ្មាំង ១៣០នាក់ ដែលនៅតែបន្តជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សានៅឡើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា