កេនយ៉ាកើបចំណូលពីភ្ញៀវទេសចរ កើនលើសពីកម្រិតមុនផ្ទុះជំងឺកូវីដ
ណៃរ៉ូប៊ី៖ ក្រសួងទេសចរណ៍កេនយ៉ា បានឱ្យដឹងនៅថ្ងៃអាទិត្យថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅប្រទេសកេនយ៉ា កើនឡើងជិតមួយភាគបីក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ពោលកើនឡើងលើសពីចំនួនមុនផ្ទុះជំងឺរាតត្បាតកូវីដ។
ប្រទេសកេនយ៉ា គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅអាហ្រ្វិកបូព៌ា ដែលជាទូទៅ ទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក ទៅលេងកំសាន្តសួនសត្វព្រៃ និងឆ្នេរសមុទ្រឥណ្ឌា។ យោងតាមរបាយការណ៍របស់ក្រសួងទេសកេនយ៉ា បានបង្ហាញថា ប្រាក់ចំណូលពីវិស័យទេសចរណ៍បានកើនឡើង ៣១.៥ភាគរយកាលពីឆ្នាំមុន ឈានដល់ទឹកប្រាក់ជិត ២.៧ពាន់លានដុល្លារ។
បើតាមរបាយការណ៍ដដែល ទោះបីជាមានការកើនឡើងចំនួនអ្នកទេសចរនៅឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ក៏ដោយ ក៏ការចំណាយជាមធ្យមសម្រាប់មនុស្សម្នាក់គិតជាដុល្លារអាមេរិកបានថយចុះយ៉ាងខ្លាំង។ ការនេះត្រូវបានសន្មតថា ជាផ្នែកមួយនៃការធ្លាក់ចុះរូបិយប័ណ្ណក្នុងស្រុក ធៀបនឹងរូបិយប័ណ្ណបរទេស។
មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ វិស័យទេសចរណ៍កេនយ៉ាបានស្រូបទាញប្រាក់ចំណូលចាក់បញ្ចូលទៅក្នុងថវិកាជាតិប្រហែល ២.២៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ពីអ្នកភ្ញៀវទេសចរចំនួន ២លាននាក់ ឬប្រហែល ១០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
ក្នុងឆ្នាំ២០២៣ អ្នកទេសចរជនជាតិអាមេរិកមានចំនួនច្រើនបំផុត ដែលមកលេងកំសាន្តប្រទេសកេនយ៉ា មានចំនួន ២៦៥,៣១០នាក់ បន្ទាប់មកគឺជនជាតិអ៊ូហ្គង់ដាចំនួន ២០១,៦២៣នាក់, តង់ហ្សានីចំនួន ១៥៧,៨១៨នាក់ និងអង់គ្លេសចំនួន ១៥៦,៧០០នាក់។ ទន្ទឹមគ្នា ក្រសួងទេសចរណ៍កេនយ៉ាសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចររហូតដល់ ២,៤លាននាក់នៅឆ្នាំ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា