សកម្មភាពរោងចក្រចិនកើនឡើងលើកដំបូង ក្រោយធ្លាក់ចុះអស់ ៥ខែ
ប៉េកាំង៖ យោងតាមតួលេខផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអាទិត្យថា សកម្មភាពរោងចក្រប្រចាំខែនៅក្នុងប្រទេសចិន បានកើនឡើងជាលើកដំបូងក្នុងរយៈពេលកន្លះឆ្នាំ ដែលនេះជាសញ្ញាវិជ្ជមាន សម្រាប់អ្នកបង្កើតគោលនយោបាយ ដែលប្រឹងប្រែងធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោករស់ឡើងវិញ។
យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ដែលជារង្វាស់សំខាន់នៃទិន្នផលរោងចក្រ បានកើនឡើងដល់ចំនួន ៥០.៨ នៅក្នុងខែមីនា ពោលកើនឡើងពីចំនួន ៤៩.១ នៅក្នុងខែកុម្ភៈ។ តួលេខ PMI លើសពី ៥០ បង្ហាញពីការពង្រីកសកម្មភាព។
ការកើនឡើងនេះ គឺជាសញ្ញាលើកទឹកចិត្តមួយសម្រាប់ប្រទេសចិន ដែលបានតស៊ូប្រឹងប្រែងជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ចាប់តាំងពីការដកចេញវិធានការទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹងនៅចុងឆ្នាំ២០២២។
ប្រទេសចិនបានប្រកាសកាលពីដើមខែមីនានេះ អំពីគោលដៅរបស់ខ្លួន ក្នុងការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន ៥ភាគរយនៅឆ្នាំ២០២៤ ដែលនេះជាគោលដៅពោលពេញដោយមហិច្ឆតាអ្នកសេដ្ឋកិច្ចជាច្រើន។
សូមរម្លឹកថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើងចំនួន ៥.២ភាគរយក្នុងឆ្នាំ២០២៣ នេះបើយោងតាមតួលេខផ្លូវការ ដែលអ្នកសេដ្ឋកិច្ចជាច្រើនចាត់ទុកថា ជាការកើនឡើងលើសពីការរំពឹងទុក។ ប៉ុន្តែតួលេខនេះ គឺទាបបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ក្រៅពីឆ្នាំផ្ទុះជំងឺរាតត្បាតកូវីដ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា