ព្រះមហាក្សត្រស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្តេជ្ញាប្រមូលផ្តុំកម្លាំងជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិ
ភ្នំពេញ៖ រដ្ឋសភាបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
មានរបៀបវារៈចំនួនពីរ ក្នុងពេលបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ទី១- ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នាពេលនេះ។
នៅក្នុងព្រះរាជសារ បានសរសេរថា រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និង គណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្ត្រីទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលទទួលបានតំណែងដ៏ឧត្តុង្គឧត្តមនេះ។
ជាមួយគ្នានេះ រដ្ឋសភានីតិកាលទី៧ ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ជាពិសេស គោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង សុខុមាលភាព ប្រែក្លាយកម្ពុជាជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារ សម្បូរ សប្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។
នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះមហាក្សត្រ សូមកោតសរសើរដ៏ស្មោះចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលជាស្ត្រីឆ្នើម មានស្មារតីមោះមុត បញ្ញាភ្លឺថ្លា ដឹកនាំស្ថាប័ន រដ្ឋសភាក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារជាតំណាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។ ជាមួយគ្នានេះ ព្រះមហាក្សត្របានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ ល្អៗយ៉ាងសម្បូរបែប ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា។
ព្រះមហាក្សត្រ បានស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្តេជ្ញាប្រមូលផ្តុំកម្លាំងជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិដ៏បវរនៃយើង ដោយឈរលើមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា