អង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្ដេជ្ញាជាឱឡារិក «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»

(ភ្នំពេញ)៖ ក្នុងបុព្វហេតុរួមចំណែកការពារ មរតកសន្តិភាព និងឈរលើស្មារតីគាំទ្រឥតងាករេចំពោះ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកា មកពីទូទាំងប្រទេស ចំនួន ៧០០អង្គ/នាក់ នៃ សមាគមសម្ព័ន្ធសារព័ត៌មានរាជ្យ (IPA) សូមប្រកាសជាឱឡារិក រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល ។

ការប្តេជ្ញាខាងលើធ្វើឡើងក្នុងពិធីបិទ អង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពិធីបិទប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគម។

គួរបញ្ជាក់ថា ទិសដៅការងារបន្តឆ្នាំ២០២៤៖ អង្គសន្និបាតបានអនុម័ត នូវទិសដៅការងារសំខាន់ ដូចជា កៀរគរបង្កើនចំនួនសមាជិកប្រកបដោយគុណភាព រៀបចំកម្មវិធីប្រកួត ឬប្រឡងប្រណាំងពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ជាពិសេសកម្មវិធីប្រកួត ស្នាដៃពិសិដ្ឋអ្នកផលិតព័ត៌មាន បង្កើតដៃគូសហការជាមួយអង្គភាពសារព័ត៌មានបរទេស អង្គការនិងសមាគមក្រៅរដ្ឋាភិបាលក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ សហព័ន្ធ ក្លិប… ចូលរួមការងារមនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ ចរាចរណ៍ គ្រឿងញៀន ពង្រឹងគុណភាព នៃការផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ចូលរួមពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា បើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ជំនាញអភិវឌ្ឍន៍ធនធានមនុស្ស ជំនាញកសិកម្ម ច្បាប់ ជំនាញបច្ចេកវិទ្យាឌីជីថល ជំនាញរឹង និងជំនាញទន់ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កម្មវិធីបរិច្ចាគឈាម ដាំដើមឈើ សម្អាតបរិស្ថាន ផលិតវីដេអូ និងរឿងអប់រំខ្លី ពាក់ព័ន្ធចរាចរណ៍ គ្រឿងញៀន គ្រឿងស្រវឹង និងសីលធម៌សង្គម ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានឯកភាពខ្ពស់ចំពោះការប្ដេជ្ញាចិត្ត និងទិសដៅការងារបន្តរបស់ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយបានជំរុញលើកទឹកចិត្ត សមាជិក សមាជិកា សមាគម បន្តរួមគ្នា ការពារសន្តិភាព ដែលជាមរតកដ៏ពិសិដ្ឋខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ពង្រឹងសាមគ្គីភាពនិងទំនាក់ទំនងល្អ បង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន រួមបញ្ចូលប្រព័ន្ធឌីជីថល បង្កើនការផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលនានា រារបស់ជរដ្ឋាភិបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេស បង្កើនការផលិតវីដេអូអប់រំ បន្តសកម្មភាពសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងពង្រឹងរចនាសម្ព័ន្ធសមាគមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អប្រសើរ ។

សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ លេខ ១ ០៥៩ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងក្រសួងព័ត៌មាន លេខ ០០៥ ព.ស ល.អ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ និងអគ្គនាយកដ្ឋានពន្ធដារ លេខ/ No VATM 22072500919 អពដ។ សមាគមនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីចងក្រងអង្គភាពសារព័ត៌មាន និងកៀរគរអ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន ពលរដ្ឋ រួមគ្នាពង្រឹង គុណភាពនៃការផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន។ ជាមួយគ្នានេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានសមាជិកបានចំនួន ៥ ០៨៤រូប អង្គភាពសារព័ត៌មានចំនួន៧៤អង្គភាព អង្គការសមាគមចំនួន ២៣ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សាចំនួន២៤ស្ថាប័ន ចូលរួមធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ក្រោមការឧបត្ថម្ភរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner