សោកនាដកម្មបាក់ស្ពាននៅអាមេរិក រំលេចពីតម្លៃកម្មករចំណាកស្រុក

ក្រុមអ្នកតស៊ូមតិបាននិយាយថា ការស្លាប់កម្មករជនជាតិឡាទីន ចំនួន៦នាក់ ក្នុងសោកនាដកម្មបាក់ស្ពាន នៅឯទីក្រុង Baltimore បានបង្ហាញពីតួនាទីដ៏សំខាន់ របស់កម្មករអន្តោប្រវេសន៍ ដោយពួកគេសង្កត់ធ្ងន់ថា វាបានរំលេចពីសារៈសំខាន់នៃកម្លាំងកម្មករ នៅអាមេរិក។ ពួកគេទាំង៦នាក់បានស្លាប់ ក្នុងពេលកំពុងជួសជុលចង្ហុក ទាំងយប់អធ្រាត នៅលើស្ពាន Francis Scott Key ដែលបានបាក់ ដោយសារតែនាវាបុក។

លោក Luis Vega សកម្មជនតស៊ូមតិ និងជាអតីតកម្មករសំណង់ បាននិយាយថា «ជនចំណាកស្រុកមកធ្វើការងារ ដែលជនជាតិអាមេរិក មិនចង់ធ្វើ»។ លោកបានបន្តថា «ការងារពិបាកពេក ម៉ោងធ្វើការយូរពេក ឬលក្ខខណ្ឌ តឹងតែងពេក»។ លោកបានបន្ថែម ដោយចោទជាសំណួរថា «តើអ្នកណាចង់ធ្វើ ជាអ្នកសម្អាតបន្ទប់សណ្ឋាគារ? តើអ្នកណាចង់ធ្វើការ ក្រោមកម្តៅថ្ងៃក្តៅខ្លាំង? តើអ្នកណាខ្លះ ចង់ធ្វើការ នៅវាលស្រែ?»

ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន ហើយក៏ជាជាជនជាតិឡាទីន លោក Tom Perez បាននិយាយថា «ដោយសារតែជនអន្តោប្រវេសន៍ ទើបយើងមានកម្លាំងកម្មករ បំពេញការងារនៅអាមេរិក»។

គួររម្លឹកថា ក្នុងពេលបាក់ស្ពាន កាលពីយប់រំលងអធ្រាតឈានចូលដល់ថ្ងៃទី២៦ ខែមីនា កម្មករជាជនជាតិអាមេរិកឡាទីន ចំនួន៨នាក់បានធ្លាក់ចូលទឹក ប៉ុន្តែ ពួកគេពីរនាក់ត្រូវបានសង្គ្រោះ។ យ៉ាងណាមិញ ៦នាក់ទៀតបានស្លាប់ ហើយពួកគេខ្លះ ជាបងប្អូន ខ្លះជាប្តី និងខ្លះជាឪពុក។ ពួកគេគឺជាកម្មករអន្តោប្រវេសន៍ មកពីប្រទេសម៉ិកស៊ិក ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងហុងឌូរ៉ាស់។

ក្នុងសង្គមអាមេរិក បច្ចុប្បន្ននេះ ជនជាតិឡាទីនតែងតែគិតថាពួកគេត្រូវបានរើសអើង ពីវណ្ណៈនយោបាយ ហើយបញ្ហានេះ ក៏ជាអាវុធស្វែងរកសម្លេងឆ្នោតដ៏សំខាន់ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកា ខាងមុខនេះ ផងដែរ។

បេក្ខភាពដ៏សំខាន់ លោក Trump ធ្លាប់បង្ហើបថា បើលោកជាប់ឆ្នោតជាថ្មី លោកនឹងផ្តើមនិរទេសខ្លួនជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ដោយលោកលើកហេតុថា កំចាត់ឧក្រិដ្ឋកម្ម និងញៀនថ្នាំ។

យោងតាមតួលេខផ្លូវការ ជនអន្តោប្រវេសន៍ឡាទីន មាន ៨.២ភាគរយ នៃកម្លាំងការងារកម្មករសរុប របស់សហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០២០ ដល់ ២០២១។ ក្នុងនោះដែរ ១៤ភាគរយ នៃពួកគេ បានស្លាប់ នៅកន្លែងធ្វើការងារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner