ជប៉ុនរឹតបន្តឹងការក្លែងបន្លំស្រាវីស្គីដ៏ល្បីល្បាញរបស់ខ្លួន

តូក្យូ៖ ស្រាវីស្គីរបស់ជប៉ុន ដែលមានភាពល្បីល្បាញលើពិភពលោក និងមានតម្លៃថ្លៃគួរសម គិតចាប់ពីថ្ងៃច័ន្ទនេះតទៅ នឹងចាប់ផ្តើមអនុវត្តវិធានការដ៏តឹងរ៉ឹងបន្ថែមទៀត ក្នុងគោលបំណងជំរុញឧស្សាហកម្មផលិតស្រា និងទប់ស្កាត់អ្នកក្លែងបន្លំ។

តម្រូវការស្រាវីស្គីដ៏ល្បីរបស់ជប៉ុននៅក្រៅប្រទេស បានកើនឡើងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យតម្លៃរបស់វាខ្ពស់កប់ពពក ជាពិសេសសម្រាប់ស្រាវីស្គីមានអាយុកាលយូរ និងដ៏កម្រមាន។ ប៉ុន្តែជាមួយគ្នានេះ ក៏មានការព្រួយបារម្ភ និងការក្លែងបន្លំកើនឡើង ក្នុងចំណោមអ្នកផលិត និងអតិថិជនផងដែរ ដោយសារស្រាវីស្គីដែលផលិតនៅប្រទេសផ្សេងទៀត ត្រូវបានគេដាក់លក់ ក្រោមស្លាកជា “ស្រាវីស្គីជប៉ុន”។

ដូច្នេះហើយ សមាគមអ្នកផលិតស្រារបស់ប្រទេសជប៉ុន ក៏សម្រេចដាក់ចេញនូវវិធានការថ្មីមួយ ដែលនឹងអនុវត្តជាផ្លូវការចាប់ពីថ្ងៃច័ន្ទតទៅ បន្ទាប់ពីអនុគ្រោះរយៈពេលបីឆ្នាំ។ ដើម្បីអាចហៅផលិតផលរបស់ពួកគេថា ស្រាវីស្គីជប៉ុន ឥឡូវនេះអ្នកផលិតត្រូវតែប្រើប្រភពទឹកនៅក្នុងប្រទេសជប៉ុន ហើយធុងស្រាវីស្គីរបស់ពួកគេ ត្រូវតែរក្សាទុកនៅក្នុងប្រទេសជប៉ុនយ៉ាងហោចណាស់បីឆ្នាំ ក្នុងចំណោមច្បាប់ផ្សេងទៀត។

ទោះបីជាអ្នករំលោភបំពានមិនប្រឈមមុខនឹងការដាក់ទណ្ឌកម្មក៏ដោយ ក៏ក្រុមហ៊ុនផលិតបានសាទរចំពោះស្តង់ដារឧស្សាហកម្មថ្មីនេះថា ជាមធ្យោបាយមួយ ដើម្បីការពារផលិតផល និងកម្មសិទ្ធិបញ្ញារបស់ពួកគេនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ការនាំចេញស្រាវីស្គីជប៉ុនប្រចាំឆ្នាំ មានតម្លៃ ៥៦ពាន់លានយ៉េន ឬប្រហែល ៣៧០លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើងចំនួន ១៤ដង បើធៀបនឹងមួយទសវត្សរ៍មុន។

ប៉ុន្តែនៅឆ្នាំ២០២៣ តួលេខនេះបានថយចុះមកត្រឹម ៥០ពាន់លានយ៉េន ឬប្រហែល ៣៣០លានដុល្លារ។ ម៉ាកយីហោស្រាវីស្គីដ៏ល្បីល្បាញរបស់ជប៉ុន មានដូចជា Yoichi 10 និង Yamazaki 12 បានឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner