នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអោយប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះ បានបើកអោយប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចរណ៍រវាងមហាវិថី សម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខក៏ដូចជួយដោះស្រាយការកកស្ទះចរាចរណ៍បានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំង៣ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យ ។
សូមជម្រាបជូនថា ស្ពានអាកាស «មរតកតេជោ» កម្ពស់ពីរជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ប៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពល ខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជាដោយមានក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជាជាអ្នកទទួលការសាងសង់។
ការបើកអោយប្រើប្រាស់ជាបណ្តោះអាសន្ននេះ អាចជួយដោះស្រាយ ការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបីនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចរ រវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ ៕
ដោយ ៖ ហេង សម្បត្តិ