ពលរដ្ឋខ្មែរ រស់នៅ និងធ្វើការនៅថៃ សប្បាយចិត្តចំពោះការលើកលែងថ្លៃទិដ្ឋាការ ចេញ-ចូល តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានការសាទរ និង អបអរយ៉ាងខ្លាំងចំពោះការលើកលែងការបង់ប្រាក់លើតម្លៃទិដ្ឋាការ ចេញ-ចូល (Re-Entry) តាមច្រកព្រំដែនកម្ពុជា-ថៃក្នុងអំឡុងពេលចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ។ 

លោក នួន សុខហ៊ីម ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តសុងខ្លាប្រទេសថៃ  បានបង្ហាញការ សប្បាយចិត្តនៅពេលទទួលបានព័ត៌មានថា រាជរដ្ឋាភិបាល លើកលែង ការ​បង់​ថ្លៃសេវាលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ សម្រាប់​ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសទាំងអស់។ ទន្ទឹមនឹងនេះ លោកអរគុណ ជាខ្លាំង​ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានចរចារជាមួយរដ្ឋាភិបាល​ថៃចំពោះការមិនយកថ្លៃសេវានេះបានដោយជោគជ័យ ។ 

ចំណែកកញ្ញា ហៃ សុជាតា ជាពលករដែលធ្វើការនៅប្រទេសថៃដែរនោះ ក៏បង្ហាញក្តីរីករាយ និងថ្លែងអំណរអរគុណយ៉ាងក្រៃលែងដល់សម្ដេចបវរធិបតីដែលបានចចាជាមួយភាគីថៃដោយលើកលែងកម្រៃសេវាអនុញ្ញាតចេញចូលប្រទេសកម្ពុជាថៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាង​មុខនេះ​រយៈពេល ៤៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ខាងមុខនេះ។ 

ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ លើកឡើងថា ការចរចារដោយ​ជោគ​ជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ចំពោះការមិនយកថ្លៃទិដ្ឋាការ ចេញ-ចូល (Re-Entry)របស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ។ 

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃ​ទិដ្ឋាការ​ចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែល​នឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី​១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេច​មិនយក​ឡើយចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ៕ 

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner